(រីយ៉ូ)៖ ការប្រកាសផ្លូវមួយត្រូវបានធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បន្ទាប់ពីអ្នកស្ម័គ្រចិត្តចូលរួមក្នុងការសាកល្បងធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយសាកលវិទ្យាល័យអុកស្វឺដ (Oxford) និងក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) នៃចក្រភពអង់គ្លេស បានបាត់បង់ជីវិតនៅប្រេស៊ីល ប៉ុន្តែកាសែត ហ្គ្លោបូ (Globo) នៃប្រទេសអាមេរិកឡាទីនមួយនេះ និងសារព័ត៌មានអន្តរជាតិ Bloomberg ផងដែរបានរាយការណ៍ថា អ្នកស្ម័គ្រចិត្តរូបនោះបានទទួលការធ្វើតេស្ត និងព្យាបាលតាមរយៈថ្នាំពេទ្យ មិនមែនដោយវ៉ាក់សាំងនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

នេះជាករណីស្លាប់ដំបូងបង្អស់ ដែលត្រូវបានគេរាយការណ៍ នៅក្នុងការធ្វើតេស្តវ៉ាក់សាំងនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំការសិក្សាខាងលើបានបញ្ជាក់ថា យោងតាមការពិនិត្យឯករាជ្យបានសន្និដ្ឋានថា គ្មានការព្រួយបារម្ភអំពីសុវត្ថិភាពវ៉ាក់សាំងនោះឡើយ ហើយការធ្វើតេស្តវ៉ាក់សាំងនៅតែអាចបន្តទៅមុខ។ ជុំវិញបញ្ហានេះក្រុមហ៊ុន AstraZeneca បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកស្ម័គ្រចិត្តរូបនោះគឺជាវេជ្ជបណ្ឌិតអាយុ ២៨ឆ្នាំ ដែលជាអ្នកប្រយុទ្ធជួរមុខ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសប្រេស៊ីល។ សាកលវិទ្យាល័យសហព័ន្ធសៅប៉ូឡូ ដែលកំពុងជួយសម្របសម្រួលការធ្វើតេស្តដំណាក់កាលទី ៣ នៅប្រេស៊ីលបានគូសបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យឯករាជ្យ បានណែនាំឲ្យការធ្វើតេស្តខាងលើបន្តទៅមុខទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីវេជ្ជបណ្ឌិតដែលបានស្លាប់នោះឡើយ។ សាកលវិទ្យាល័យបានបន្ថែមទៀតថា អ្វីៗទាំងអស់កំពុងដំណើរការដូចការរំពឹងទុក ដោយគ្មានកំណត់ត្រាពីផលវិបាកពាក់ព័ន្ធទៅនឹងនឹងវ៉ាក់សាំង និងអ្នកស្ម័គ្រចិត្តផ្សេងទៀតនោះឡើយ។

អ្នកនាំពាក្យសាកលវិទ្យាល័យបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា រហូតមកដល់ពេលនេះអ្នកស្ម័គ្រចិត្ត ៨,០០០នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ១០,០០០នាក់ ត្រូវបានជ្រើសរើសដើម្បីចាក់វ៉ាក់សាំងលើកទី ១ នៅក្នុងទីក្រុងចំនួន ០៦ របស់ប្រេស៊ីល ហើយអ្នកស្ម័គ្រភាគច្រើនបានទទួលការចាក់វ៉ាក់សាំងលើកទី ២ រួចហើយ។

នៅជុំវិញបញ្ហាខាងលើ សាកលវិទ្យាល័យ Oxford បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ លើករណីស្លាប់ដំបូងនៅក្នុងប្រទេសប្រេស៊ីល មិនមានការព្រួយបារម្ភណាមួយ អំពីសុវត្ថិភាពវ៉ាក់សាំងនោះឡើយ ហើយការពិនិត្យឯករាជ្យពីនិយតករឱសថប្រេស៊ីល ក៏បានលើកឡើងស្រដៀងគ្នានេះដែរ។ ទន្ទឹងគ្នានេះ វិទ្យាស្ថានស្រាវជ្រាវ ឌីអ័រ (D'Or) ដែលកំពុងជួយរៀបចំការធ្វើតេស្តខាងលើ ក៏មិនបានបង្ហាញការសង្ស័យអំពីកត្តាសុវត្ថិភាពនៃវ៉ាក់សាំងនោះដែរ។

គួរញ្ជាក់ថា សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca កាលពីមុនធ្លាប់បានព្យួរការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន ម្តងរួចទៅហើយកាលពីខែកញ្ញាកន្លងទៅ ក្រោយអ្នកស្ម័គ្រចិត្តម្នាក់នៅចក្រភពអង់គ្លេស បានចេញអការៈដែលមិនអាចពន្យល់បាន។ ការសាកល្បងបានចាប់ផ្តើមឡើយវិញ បន្ទាប់ពីនិយ័តករឱសថអង់គ្លេស និងការពិនិត្យឯករាជ្យបានសន្និដ្ឋានថា អ្នកស្ម័គ្រចិត្តរូបនោះមិនបានរងផលប៉ះពាល់ ពីវ៉ាក់សាំងនោះឡើយ៕