(តេអេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌អ៊ីរ៉ង់(Tasnim) បានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធការពារដែនអាកាសជាលក្ខណៈទ្រង់ទ្រាយធំមួយ នៅថ្ងៃពុធនេះ នៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនសុីនហួ នារសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

សមយុទ្ធការពារដែនអាកាសខាងលើ មានឈ្មោះថា Guardians of Velayat Sky-99 ហើយក៏មានការចូលរួមពីកងឆ្មាំបដិវត្តន៍អុីរ៉ង់ (IRGC) ផងដែរ។ យោងតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា នៅក្នុងសមយុទ្ធការពារដែនអាកាសនេះទៀតសោត អុីរ៉ង់បានបញ្ចេញនូវយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក ក៏ដូចជាប្រព័ន្ធប្រឆាំងមីស៊ីលជាដើម សម្រាប់ការធ្វើសមយុទ្ធយោធាដ៏កក្រើកលើកនេះ។

គួរបញ្ជាក់ថា សមយុទ្ធខាងលើត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមប្រយុទ្ធ និងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ប្រទេសអុីរ៉ង់ ត្រាប់តាមទិដ្ឋភាពសង្គ្រាមជាក់ស្តែង។ អង្គភាពដែលចូលរួមទាំងអស់ នឹងអនុវត្តយុទ្ធសាស្រ្តប្រឆាំងនឹងការគំរាមកំហែងតាមដែនអាកាស ក្នុងរយៈកម្ពស់ទាប មធ្យម និងខ្ពស់៕