(វៀងចន្ទន៍)៖ ក្រសួងសុខាភិបាលឡាវ បានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 មួយករណីថ្មីទៀតជាលើកដំបូង ក្រោយពីបានស្ងប់ស្ងាត់អស់រយៈពេល ៣៩ថ្ងៃមកនេះ ដែលធ្វើឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ២៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោក ភូថុន មឿងប៉ាក់ (Phouthone Meaungpak) បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃពុធនេះថាករណីឆ្លងថ្មី ខាងលើគឺជានិស្សិតអាយុ២៣ឆ្នាំ ដែលទើបតែបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី ចូលប្រទេសឡាវវិញ។ និសិ្សតអាយុ២៣ឆ្នាំរូបនេះបានធ្វើដំណើរពីប្រទេសរុស្ស៊ីនៅថ្ងៃទី១៥ ខែតុលា ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែតុលា និងបានមកដល់ប្រទេសឡាវនៅថ្ងៃទី១៨ ខែតុលា។

បច្ចុប្បន្ន និស្សិតរូបនេះ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាព (Mittaphab) នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមិនមានសភាពធ្ងន់ធ្ងរឡើយ។ គិតចាប់តាំងពី ការរកឃើញករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី២៤ ខែមីនា អាជ្ញាធរឡាវ បានធ្វើតេស្តលើករណីសង្ស័យចំនួន ៦១,៦៩៩នាក់ ក្នុងនោះមនុស្ស២៤នាក់បានចេញលទ្ធផល វិជ្ជមាន និង២២នាក់ទៀតបានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕