(បាងកក)៖ យោធាថៃ នៅថ្ងៃពុធនេះ បានទាត់ចោលពាក្យចចាមអារ៉ាមពីការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង ខណៈកងទ័ពថ្មើរជើង មួយចំនួន ត្រូវបានគេរាយការណ៍កំពុងចល័តរថពាសដែក នៅភាគខាងកើតជាយរាជធានីបាងកក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

អ្នកនាំពាក្យយោធាថៃ លោកស្រី Sirichan Ngathong បានបដិសេធថាការដឹកជញ្ជូនរថពាសដែក Stryker ចំនួន១៤គ្រឿងពីទីក្រុងកំពង់ផែ Laem Chabang ក្នុងខេត្ត Chonburi មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចពាក្យចចាមអារ៉ាម នៅលើបណ្ដាញទំនាក់ទំនងសង្គមឡើយ។ លោកស្រីបន្ថែមថា រថពាសដែកទាំងនេះ ត្រូវបានបញ្ជាឱ្យដឹកទៅកាន់ បន្ទាយក្នុងខេត្ត Saraburi ដោយត្រូវឆ្លងកាត់ភាគខាងកើតជាយរាជធានីបាងកក តែប៉ុណ្ណោះ៕