(កាប៊ុល)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Mohammad Jawad Hajari នៅថ្ងៃពុធនេះ បានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារលើ ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលិសនៅក្នុងខេត្ត Takhar ភាគខាងជើងនៃប្រទេស ដោយបានបណ្តាលឲ្យមន្ត្រីប៉ូលិស ២៥នាក់បាត់បង់ជីវិត ក្នុងនោះរួមទាំងមន្ត្រីជាន់ខ្ពស់ម្នាក់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីហួ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

លោក Hajari បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួយ៉ាងដូច្នេះថា៖ «ការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមតាលីបង់ (Taliban) និងកងកម្លាំងសន្តិសុខបានឆក់យកអាយុជីវិតប៉ូលិស ២៥នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ គឺលោក Raz Mohammad Dorandish នៅឯតំបន់ Masjid-i-Safid ស្ថិតនៅខាងក្រៅទីក្រុង Taluqan នៅព្រឹកថ្ងៃពុធនេះ។ មន្ត្រីរូបនេះបានបន្ថែមទៀតថា សកម្មប្រយុទ្ធតាលីបង់យ៉ាងហោចណាស់១៦នាក់ត្រូវបានសម្លាប់ផងដែរ នៅក្នុងការប្រយុទ្ធគ្នា។ ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលម្អិតនោះឡើយ។

គួរជម្រាបថា ប្រភពមួយចំនួនបានបញ្ជាក់ថា ពួកគេជឿជាក់ថាចំនួនអ្នកស្លាប់ និងរបួសអាចមានច្រើនជាងរបាយការណ៍ខាងលើ ខណៈរហូតមកដល់ពេលនេះ មិនទាន់មានការអត្ថាធិប្បាយណាមួយពីក្រុមឧទ្ទាមតាលីបង់ នៅឡើយទេ៕