(ហ្សឺណែវ)៖ របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះបានបង្ហាញថា ទំហំពាណិជ្ជកម្មសកលបានធ្លាក់ចុះចន្លោះពី ៧-៩ភាគរយ នៅក្នុងឆ្នាំ២០២០នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន (ឆ្នាំ២០១៩) ទោះបីជាមានសញ្ញានៃការស្ទុះងើបឡើងវិញ ដែលដឹកនាំដោយសេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី ៣ ឆ្នាំនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានបញ្ជាក់ថា គ្មានតំបន់ណាមួយអាចរួចផុតពីវិបត្តិលើកនេះឡើយ។ ជាក់ស្តែងការដោះដូរពាណិជ្ជកម្មអន្តរជាតិ បានធ្លាក់ចុះ ១៩ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២០នេះ ខណៈដែលជំងឺរាតត្បាត COVID-19 បានបង្អាក់ដល់ចរន្តសេដ្ឋកិច្ចសកលលោកទាំងមូល។ ទីភ្នាក់ងារអន្តរជាតិមួយនេះ បានធ្វើបច្ចុប្បន្នភាពចុងក្រោយនូវរបាយការណ៍របស់ខ្លួនថា ពាណិជ្ជកម្មសកលបានងើបឡើងវិញតិចតួច នៅក្នុងត្រីមាសទី ៣ នៅឆ្នាំ២០២០នេះ ដោយត្រូវគេបានប៉ាន់ស្មានថា មានប្រហែល ៤.៥ភាគរយ ដែលតិចជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍ខាងលើបានបន្ថែមទៀតថា ពាណិជ្ជកម្មឧបករណ៍ការិយាល័យ និងការផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្ត្រ ក៏ដូចជាវិស័យវាយនភ័ណ្ឌវិញបានស្ទុះងើបឡើងវិញ នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២០នេះ ខណៈដែលឧស្សាហកម្មរថយន្ត និងថាមពលបានបន្តធ្លាក់ចុះខ្សោយថែមទៀត។ ការព្យាករណ៍បឋមបានបង្ហាញពីកំណើនប្រចាំឆ្នាំ សម្រាប់ត្រីមាសទី ៤ ឆ្នាំ២០២០នេះ មានតិចជាង ៣ភាគរយ ប៉ុន្តែរបាយការណ៍ខាងលើនៅតែមិនទាន់អាចបញ្ជាក់ច្បាស់ ដោយសារតែជំងឺរាតត្បាតកំពុងតែវិវត្តន៍នៅឡើយ។ ប្រសិនបើជំងឺ COVID-19 នៅតែបន្តរីករាលដាលនៅប៉ុន្មានខែខាងមុខទៀត វានឹងអាចបង្កឲ្យកាន់តែមានភាពយ៉ាប់យ៉ឺន សម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយ និងការកើនឡើងនូវគោលនយោបាយរឹតត្បិតពាណិជ្ជកម្ម។

UNCTAD បានបង្ហាញទៀតថា ការនាំចេញរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញ គួរឲ្យកត់សគាល់នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២០នេះ បើគិតចាប់តាំងពីការផ្ទុះវិបត្តិ COVID-19 ក្នុងអត្រាកំណើនប្រចាំឆ្នាំប្រហែលជា ១០ភាគរយ។ សរុបជារួម ទំហំនៃការនាំចេញរបស់ប្រទេសចិនក្នុងរយៈពេល ០៩ខែដំបូងនៃឆ្នាំ២០២០ គឺមានចំនួនប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០១៩ ក្នុងអំឡុងពេលដូចគ្នា ។

គួរបញ្ចាក់ថា របាយការណ៍ដដែលក៏បានកត់សំគាល់ទៀតថា តម្រូវការទំនិញនាំចូលនៅក្នុងប្រទេសចិន ក៏មានស្ទុះងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២០ ដែលផ្ទុយពីសេដ្ឋកិច្ចធំៗដទៃទៀត។ កាលពីដើមខែតុលា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើបច្ចុប្បន្នភាពនូវការព្យាករណ៍របស់ខ្លួន សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដោយសារស្ថានភាពជំងឺ COVID-19 មានភាពប្រសើរឡើងវិញ ចាប់ពីខែមិថុនាមកម្ល៉េះ ប៉ុន្តែ WTO បានព្យាករណ៍ថា ពាណិជ្ជកម្មអន្តរជាតិនឹងធ្លាក់ចុះ ៩.២ភាគរយសម្រាប់ឆ្នាំ២០២០ ហើយនឹងស្ទុះងើបឡើងវិញឆ្នាំ២០២១៕