(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីគំនិតផ្ដួចផ្ដើមថ្មីមួយសំដៅពង្រឹង និងបង្កើនសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលកម្លាំងប្រឆាំង ក៏ដូចជាទប់ស្កាត់ឥទ្ធិពលចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

បើតាមលោក Mark Esper មន្ទីរបញ្ចកោណនឹងត្រួតពិនិត្យ និងគ្រប់គ្រងជាលក្ខណៈប្រព័ន្ធលើទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្ដាប្រទេសជាដៃគូ ក្នុងគោលបំណងស្វែងរកមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការយោធា និងលក់អាវុធរបស់សហរដ្ឋអាមេរិក។ លោក Esper បានបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាញសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យយើងនូវអត្ថប្រយោជន៍ ដែលសត្រូវមិនអាចទទួលបានដូចយើង»

ពាក្យសត្រូវនៅត្រង់នេះគឺលោក Esper ចង់សំដៅទៅលើចិន និងរុស្ស៊ី ដែលលោកផ្ទាល់យល់ថា នឹងមានសម្ព័ន្ធមិត្តតិចជាង ១០ប្រទេសរួមបញ្ចូលគ្នា ហើយចិននឹងប្រើប្រាស់ការសម្លុតគំរាមកំហែង ក៏ដូចជាអន្ទាក់បំណុល ដើម្បីពង្រឹងសម្ព័ន្ធមិត្ត ជាមួយប្រទេសទន់ខ្សោយមួយចំនួនក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើរបស់លោក Mark Esper មានឈ្មោះថា ទិសដៅសម្រាប់ការអភិវឌ្ឍដើម្បីសម្ព័ន្ធភាព និងភាពជាដៃគូ (GDAP) កើតមានឡើងតែជាង ២សប្ដាហ៍ប៉ុណ្ណោះ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ ហើយបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ចាញ់នៅក្នុងការបោះឆ្នោត លោក Esper ក៏អាចនឹងត្រូវជំនួសតំណែងដោយអ្នកផ្សេងទៀតដែរ នៅខែមករា ឆ្នាំ២០២១៕