(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចាំបាច់ត្រូវតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដើម្បីការងើបឡើងវិញដោយជោគជ័យ នៃសេដ្ឋកិច្ចជាតិពីវិបត្តិ COVID-19 ហើយបើលោក ចូ បៃដិន ជាអ្នកឈ្នះវិញនោះ សេដ្ឋកិច្ចជាតិនឹងកាន់តែធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ កំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អេរី (Erie) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania) នៅថ្ងៃអង្គារ សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាមួយការអះអាងថា រដ្ឋមួយនេះអាចនឹងជួយឱ្យលោកទទួលបានជ័យជំនះ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ ក៏មិនភ្លេចព្រមានដែរថា បើលោក បៃដិនជា ឈ្នះវិញនោះ វិស័យថាមពល និងការងារនៅក្នុងរដ្ឋនេះនឹងត្រូវបំផ្លាញ។

លោក ត្រាំ បានគូសបញ្ជាក់នៅចំពោះមុខអ្នកគាំទ្រក្នុងទីក្រុង Erie យ៉ាងដូច្នេះថា «នេះគឺជាការបោះឆ្នោតរវាងការធ្វើសេដ្ឋកិច្ចងើបឡើងវិញដ៏អស្ចារ្យដោយ ត្រាំ ដែលកំពុងដំណើរការក្នុងពេលបច្ចុប្បន្ន និងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះវិញដោយ បៃដិន (Biden depression)... ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់បើកសាលារៀន, បើកសេដ្ឋកិច្ច និងមានសុវត្ថិភាព សុខមាលភាព និងប្រទេសជាតិរុងរឿង សូមអ្នកបោះឆ្នោតឱ្យខ្ញុំចុះ»

គួរជម្រាបថា Pennsylvania គឺជារដ្ឋមួយស្ថិតនៅក្នុងចំណោមរដ្ឋដែលគេហៅថា «battleground state» ដែលអាចកំណត់ថា តើនរណាជាអ្នកឈ្នះរវាងលោក ត្រាំ និងលោក បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ បច្ចុប្បន្នទាំងការស្ទង់មតិថ្នាក់ជាតិ និងការស្ទង់មតិក្នុងរដ្ឋ battleground state ទាំងនេះសុទ្ធតែបង្ហាញថា លោក បៃដិន កំពុងនាំមុខលោក ត្រាំ ប៉ុន្តែគ្រប់គ្នាបានទទួលស្គាល់ថា អ្វីៗតែងតែមិនទៀងទាត់ ឬពិបាកស្មានណាស់ នៅពេលការបោះឆ្នោតជាក់ស្តែងប្រព្រឹត្តទៅ៕