(ញូយ៉ក)៖ លោក ស៊ាន អ៊ែដរីច (Sean Eldridge) បានអះអាងថា លោកកំពុងត្រៀមខ្លួនសម្រាប់ការកើតមានរឿងដ៏អាក្រក់បំផុត ក្នុងករណីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមធ្វើឱ្យខូចដល់លទ្ធផលបោះឆ្នោតនៅខែក្រោយនេះ ឬបដិសេធមិនទទួលយកជ័យជំនះ សម្រាប់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

បុរសវ័យ ៣៤ឆ្នាំខាងលើនេះ គឺជាអ្នករៀបចំផែនការបាតុកម្មចម្រុះនៅទូទាំងសហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់គូប្រជែងក្នុងការបោះឆ្នោតរបស់លោក គឺលោក ចូ បៃដិន (Joe Biden) តែបដិសេធមិនព្រមទទួលយកលទ្ធផល ដែលខ្លួនបានចាញ់នោះ។

ជុំវិញបញ្ហាដ៏រសើបនេះ សេតវិមានទីក្រុងវ៉ាស៊ីនតោនបានបដិសេធម្តងហើយម្តងទៀត ក្នុងការបកស្រាយឬធានាថា លោក ត្រាំ នឹងប្រគល់អំណាចដោយសន្តិវិធី ក្នុងករណីដែលលោកទទួលបរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ លោក ដូណាល់ ត្រាំ ថែមទាំងបានបញ្ឆេះតបវិញថា ការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងកើតឡើងនៅក្នុងការបោះឆ្នោតខាងមុខនេះ។

ជុំវិញបញ្ហាខាងលើនេះ លោក Eldridge បាននិយាយថា «នេះជារឿងដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិក ដែលត្រូវព្រួយបារម្ភអំពីប្រធានាធិបតី ដែលកំពុងអង្គុយនៅលើតំណែងបច្ចុប្បន្ននេះ នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតឬអត់ និងធានាបាននូវការផ្លាស់ប្តូរអំណាចដោយសន្តិវិធីដែរ ឬក៏យ៉ាងណា»៕