(បាងកក)៖ ឧស្សាហកម្មទេសចរណ៍នៃប្រទេសថៃ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបោះជំហានទៅមុខតិចតួច ដើម្បីឆ្ពោះទៅរកដំណើរការល្អប្រសើរឡើងវិញ ខណៈដែលវីរុសកូរ៉ូណា (COVID-19) កំពុងរាតត្បាតពាសពេញសកលលោកនៅឡើយ។ ប្រទេសថៃបានទទួលភ្ញៀវទេសចរចំនួន ៣៩នាក់ដែលបានហោះហើរពីទីក្រុងសៀងហៃ (Shanghai) ប្រទេសចិន ដែលជាការធ្វើដំណើរមកដល់ដំបូងបំផុត គិតចាប់តាំងពីភ្ញៀវទេសចរបរទេស ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសអាស៊ានមួយនេះ កាលពីជិត ៧ខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

ការនាំភ្ញៀវទេសចរមកពីប្រទេសចិន គឺត្រូវបានចាត់ទុកថាជាជម្រើសធម្មជាតិ ព្រោះប្រទេសថៃធ្លាប់ជាគោលដៅទេសចរណ៍បរទេសកំពូលមួយ សម្រាប់ភ្ញៀវទេសចរចិនកាលពីឆ្នាំ២០១៩។ ភ្ញៀវទេសចរដែលបានមកដល់ អាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក ប្រទេសថៃ គឺជាអ្នកត្រួសត្រាយនៅក្នុងកម្មវិធី «ទិដ្ឋាការទេសចរណ៍ពិសេស» ដែលបង្កើតឡើងដោយអាជ្ញាធរថៃ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលប្រទេសនេះធ្លាប់បានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ៤០លាននាក់កាលពីឆ្នាំ២០១៩។ ប៉ុន្តែប្រការនេះមិនមានន័យថា ភ្ញៀវទេសចរទាំង ៣៩នាក់អាចដើរលេងជុំវិញប្រទេស បានដោយសេរីនោះឡើយ។ ទិដ្ឋាការទេសចរណ៍ពិសេស គឺមានតម្រូវការតឹងរ៉ឹង ដែលទាមទារឱ្យភ្ញៀវទេសចរទាំងអស់ ត្រូវតែអនុវត្តជាចាំបាច់។

យោងតាមផែនការដែលត្រូវបានអនុម័តជាលើកដំបូង ដោយគណៈរដ្ឋមន្រ្តីថៃកាលពីខែកញ្ញាកន្លងទៅនេះ ភ្ញៀវទេសចរបរទេសដែលត្រូវស្នាក់នៅយ៉ាងតិច ៣០ថ្ងៃត្រូវបានចេញទិដ្ឋាការចំនួន ៩០ថ្ងៃដែលអាចបន្តជាថ្មីបានពីរដង។ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសថៃ ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមសណ្ឋាគារ ឬមន្ទីរពេទ្យដែលរដ្ឋាភិបាលបានរៀបចំរួចជាស្រេច ហើយត្រូវបង្ហាញការបញ្ជាក់ថា ពួកគេបានរៀបចំកន្លែងស្នាក់នៅរយៈពេលយូរ។ ពួកគេក៏ត្រូវតែមានគោលនយោបាយធានារ៉ាប់រងពិសេស និងឆ្លងកាត់ការធ្វើតេស្តរក COVID-19 មុនពេលធ្វើដំណើរចាកចេញផងដែរ។ ម្យ៉ាងវិញទៀត ពួកគេត្រូវតែចាំបាច់ទាញយកពាក្យស្នើសុំតាមដានវីរុសកូរ៉ូណា (COVID-19) ជាផ្លូវការ ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលស្នាក់នៅ។

មន្ត្រីគ្រប់គ្រងផ្នែកប្រតិបត្តិការម្នាក់ នៃអាកាសយានដ្ឋានសុវណ្ណភូមិ គឺលោក គិទិផុង គិទិអាឆន (Kittipong Kittiachorn) បាននិយាយថា អាកាសយានដ្ឋានបានត្រៀមរួចរាល់សម្រាប់ភ្ញៀវទេសចរ ជាមួយនឹងប្រព័ន្ធមួយដែលអាចធ្វើតេស្តរក COVID-19 ដោយផ្តល់លទ្ធផលឱ្យបានក្នុងរយៈពេល ៩០នាទី ហើយភ្ញៀវទេសចរដែលធ្វើដំណើរមកដល់ ត្រូវតែឆ្លងកាត់ការវាស់ស្ទង់កម្ដៅចំនួន ០៣លើក ខណៈពួកគេធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាននេះ។ លោក Kittipong បាននិយាយបន្ថែមថា «យើងអាចធានាបានចំពោះអ្នករាល់គ្នាថា រាល់វិធានការរបស់យើង គឺមានលក្ខណៈជាប្រព័ន្ធ និងស្របតាមស្តង់ដារអន្តរជាតិ»

គួរជម្រាបថា យ៉ាងហោចណាស់មានជើងហោះហើរ ០២ផ្សេងទៀតមកពីប្រទេសចិន ដែលត្រូវបានគេរំពឹងថា នឹងចេញដំណើរនៅចុងខែនេះ ហើយក្រសួងទេសចរណ៍ថៃក៏បានរំពឹងដែរថា នឹងមានភ្ញៀវទេសចរបរទេសប្រមាណ ៤០០នាក់នៅដើមខែវិច្ឆិកាខាងមុខនេះ។ ជើងហោះហើរនាពេលអនាគត អាចនឹងចុះចតនៅក្នុងបណ្ដាទិសដៅពេញនិយមផ្សេងៗទៀត ដូចជាកោះភូកេត (Phuket) ស្ថិតភាគខាងត្បូងប្រទេសនេះជាដើម៕