(ប៉េកាំង)៖ សេដ្ឋវិទូមួយចំនួនបាននិយាយថា ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចនៃប្រទេសចិន គឺជាព័ត៌មានល្អ ដែលបាននិងកំពុងផ្ដល់ទំនុកចិត្តដល់សេដ្ឋកិច្ចពិភពលោក ខណៈបណ្ដាប្រទេសដទៃ កំពុងប្រឹងប្រែងដោះស្រាយបញ្ហាសេដ្ឋកិច្ច បង្កឡើងដោយវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅក្នុងសប្ដាហ៍នេះ លោក រ៉ូប សាប់បារ៉ាម៉ាន់ (Rob Subbaraman) ជាប្រធានក្រុមអ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចសកល ប្រចាំក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ណូមូរ៉ា (Nomura Holdings Inc.) មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កំណើនសេដ្ឋកិច្ចចិនគឺជាការលើកទឹកចិត្ត និងជាសារផ្ដល់ក្ដីសង្ឃឹម សម្រាប់ពិភពលោកទាំងមូល... ប្រសិនបើអ្នកអាចដោះស្រាយវិបត្តិសុខាភិបាលបានដោយជោគជ័យ នោះសេដ្ឋកិច្ចរបស់អ្នកនឹងងើបឡើងវិញ»

គួរបញ្ជាក់ថា ផលិតផលនៅក្នុងស្រុកសរុប ឬ GDP របស់ចិននៅត្រីមាសទី ៣ នៃឆ្នាំ២០២០នេះ បានកើនឡើង ៤.៩ភាគរយ បើទោះជាកំណើននេះមិនបានកើនឡើង តាមការគ្រោងទុកពី ៥.២ ដល់ ៥.៥ភាគរយកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែវាបានកើនលើសការរំពឹងទុក សម្រាប់ឆ្នាំ២០២០នេះតែម្តង ដោយសារតែវិបត្តិសកល COVID-19។ ចិនបច្ចុប្បន្នគឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលបានស្គាល់កំណើនសេដ្ឋកិច្ចមុនគេ កំឡុងការឆ្លងរាតត្បាត COVID-19 ហើយបើតាមក្រុមសេដ្ឋវិទូអន្តរជាតិ ចិននឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០នេះ និងឆ្នាំ២០២១ខាងមុខនេះ៕