(តូក្យូ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសជប៉ុន បានរាយការណ៍ថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៨៣នាក់ទៀត ទើបតែត្រូវបានបញ្ជាក់នៅថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ៩៤,០១៥ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលជប៉ុន បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៣៩ករណី ត្រូវបានរាយការណ៍ចេញពីទីក្រុងតូក្យូ។ រាជធានីដែលមានប្រជាជនប្រមាណ ១៤លាននាក់នេះ បានរងគ្រោះខ្លាំងជាងគេដោយសារ COVID-19 ក្នុងចំណោមតំបន់ទាំង៤៧ របស់ប្រទេសជប៉ុន ដែលមានចំនួនអ្នកឆ្លងសរុបកើនដល់ ២៩,១៨៥ នាក់។

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបច្ចុប្បន្ន មានចំនួនសរុប ១,៦៩៣ នាក់ នេះបើយោងតាមតួលេខផ្លូវការចុងក្រោយ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃអង្គារនេះ៕