(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កកក្បាលនុយក្លេអ៊ែររបស់ខ្លួន រួមជាមួយសហរដ្ឋអាមេរិក ដើម្បីពន្យាសន្ធិសញ្ញាទ្វេភាគី New START រយៈពេលមួយឆ្នាំទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ជំហររបស់យើងអាចត្រូវបានអនុវត្តយ៉ាងតឹងរឹង និងទាំងស្រុង ដោយឈរលើមូលដ្ឋានយោគយល់ដែលថា ការបង្កកក្បាលគ្រាប់នុយក្លេអ៊ែនេះ មិនមានការទាមទាមលក្ខខណ្ឌបន្ថែមពីភាគីសហរដ្ឋអាមេរិកឡើយ»។

ជុំវិញបញ្ហានេះ រុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយ ពីសហរដ្ឋអាមេរិកចំពោះសំណើរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ស្តីពីស្នើសុំពន្យាសន្ធិសញ្ញា New START ដែលនឹងផុតកំណត់នៅថ្ងៃទី ០ ៥ ខែកុម្ភៈឆ្នាំ ២០២១ នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងយ៉ាងដូច្នេះថា«ខ្លួនសង្ឃឹមថាប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមតាមសំណើររបស់លោកប្រធានាធិបតី ពូទីន នោះពេលវេលាដែលទទួលបានពីការពន្យាពេលនៃសន្ធិសញ្ញានេះ អាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើការចរចាទ្វេភាគីគ្រប់ជ្រុងជ្រោយ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នាពេលអនាគតនិងបញ្ហាផ្សេងទៀតទាក់ទងនឹងស្ថេរភាពយុទ្ធសាស្ត្រ»។

គួរជម្រាប កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START យ៉ាងហោចណាស់មួយឆ្នាំទៀត ដោយគ្មានលក្ខខណ្ឌជាមុន។ ប៉ុន្តែភាគីសហរដ្ឋអាមេរិកឯណោះវិញ មិនទាន់បានធ្វើការឆ្លើយតបជាផ្លូវការណាមួយ នៅឡើយនោះទេ។ សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ នេះ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕