(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនម្នាក់បានឲ្យដឹងថា មានអ្នកស្ម័គ្រចិត្តសរុបចំនួន ៦០០,០០នាក់ បានទទួលតេស្តវ៉ាក់សាំង COVID-19 របស់ចិនមួយក្នុងចំណោមបួន សម្រាប់ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ហើយលទ្ធផលបានបង្ហាញថា គ្មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានគេរាយការណ៍ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារនេះ លោក Tian Baoji មន្ត្រីជាន់ខ្ពស់នៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងចំណោមប្រជាជនទាំងអស់ ៦០,០០០នាក់ ដែលទទួលយកការធ្វើតេស្តវ៉ាក់សាំង COVID-19 នេះ មានអ្នកខ្លះមានផលប៉ះពាល់តិចតូចដូចជាហើមនៅកន្លែងចាក់ថ្នាំ ឬគ្រុនក្តៅ ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធរទេ។ ពិតណាស់ ផលប៉ះពាល់តិចតូចតែងតែកើតឡើងក្នុងកំឡុងពេលតេស្តវ៉ាក់សាំង ដែលនេះជារឿងធម្មតាទេ»

ជាមួយគ្នានេះ លោក Tian Baoji សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមានបេក្ខភាពវ៉ាក់សាំង COVID-19 របស់ចិនចំនួន ០៤ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើតេស្ត ខណៈដែលវ៉ាក់សាំងទាំងនេះ មានដំណើរការទៅមុខយ៉ាងល្អប្រសើរ។

លោក Liu Jingzhen ប្រធានក្រុមហ៊ុនជីវៈបច្ចេកវិទ្យាជាតិចិន (China National Biotec Group ឬ CNBG) ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនរដ្ឋចិន សាយណូផាម (Sinopharm Group) បាននិយាយថា ក្រុមហ៊ុនបានត្រៀមរួចរាល់ ដើម្បីផលិតវ៉ាក់សាំង COVID-19 ក្នុងទ្រង់ទ្រាយដ៏ច្រើន នៅពេលដែលការធ្វើតេស្តបានបញ្ចប់ ដែលអាចផលិតបានច្រើនជាង ១ពាន់លានដូសក្នុងឆ្នាំ ២០២១៕