(វ៉ាស៊ីនតោន)៖ វេទិកាតស៊ូមតិលើកចុងក្រោយ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបេក្ខប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នឹងត្រូវប្រព្រឹត្តទៅដោយមានភ្ជាប់ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ដើម្បីអនុញ្ញាតឱ្យបេក្ខជនម្នាក់ៗ និយាយបកស្រាយដោយគ្មានការរំខាន ឬការកាត់សម្ដី។ នេះបើតាមក្រុមអ្នករៀបចំវេទិកាតស៊ូមតិ ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ក្រុមអ្នករៀបចំវេទិកាតស៊ូមតិបានឱ្យដឹងថា នៅពេលបេក្ខជនម្នាក់ត្រូវបានផ្ដល់ឱកាសរយៈពេល ២នាទី ដើម្បីបកស្រាយ និងឆ្លើយសំនួរប្រធានបទនីមួយៗនោះ ម៉ៃក្រូហ្វូនរបស់បេក្ខជនម្នាក់ទៀត នឹងត្រូវបិទសិន។ «មានតែបេក្ខជនម្នាក់គត់ ដែលអាចបើកម៉ៃក្រូហ្វូននិយាយកំឡុងពេល ២នាទីនេះ...»។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នករៀបចំវេទិកាតស៊ូមតិ។

ជុំវិញការសម្រេចចិត្តដំឡើងប៊ូតុងបិទសំឡេងនេះដែរ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានជំទាស់ ខណៈក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ។ តែយ៉ាងណាក៏ដោយ លោក ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា លោកនឹងចូលរួមក្នុងវេទិកាតស៊ូមតិជាមួយលោក បៃដិន ទោះបីជាមើលឃើញថា លក្ខខណ្ឌរៀបចំដោយអ្នកសម្របសម្រួលមានភាពលម្អៀង និងមិនយុត្តិធម៌ក៏ដោយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តដំឡើងប៊ូតុងបិទសំឡេង ធ្វើឡើងបន្ទាប់ពីវេទិកាតស៊ូមតិលើកទី ១ រវាងលោក ត្រាំ និងលោក បៃដិន បានប្រព្រឹត្តិទៅដោយភាពចម្រូងចម្រាស ហើយលោក ត្រាំ តែងតែនិយាយកាត់សម្ដីរំខានលោក បៃដិន ជាច្រើនលើក។ វេទិកាតស៊ូមតិលើកទី ២ (ចុងក្រោយ) រយៈពេល ៩០នាទី នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ក្នុងទីក្រុង ណាសវីល (Nashville) រដ្ឋ ធិនណែសស៊ី (Tennessee) ហើយប្រធានបទសំខាន់ៗរួមមាន COVID-19, គ្រួសារអាមេរិក, ពូជសាសន៍ក្នុងសហរដ្ឋអាមេរិក, បម្រែបម្រួលអាកាសធាតុ, សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ៕