(ប៉េកាំង)៖ កងទ័ពចិនបានបញ្ជាក់ថា ទាហានរបស់ខ្លួនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយដើរចូលក្នុងតំបន់ដែលគ្រប់គ្រងដោយកងទ័ពឥណ្ឌា ហើយបានស្នើសុំឲ្យភាគីឥណ្ឌាដោះលែងទាហានរូបនោះ ទៅតាមកិច្ចព្រមព្រៀងដែលបានបង្កើតឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ អ្នកនាំពាក្យទីបញ្ជាការយោធាភូមិភាគខាងលិច នៃកងទ័ពរំដោះប្រជាជនចិន (PLA) លោក ចាង សួយលី (Zhang Shuili) បានគូសបញ្ជាក់ថា យើងបានទទួលការជូនដំណឹងពីភាគីឥណ្ឌា ដោយពួកគេបានចាប់ខ្លួនទាហានចិនម្នាក់ បន្ទាប់ពីវង្វេងផ្លូវឆ្លងកាត់ព្រំដែនចិន-ឥណ្ឌាដោយចៃដន្យ ហើយនឹងត្រូវប្រគល់មកឲ្យប្រទេសចិនវិញ បន្ទាប់ពីបំពេញបែបបទរួច។

អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ប្រទេសចិនសង្ឃឹមថាភាគីឥណ្ឌា នឹងគោរពតាមរការសន្យារបស់ខ្លួន ក្នុងការបញ្ជូនទាហានរូបនោះមកចិនវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយនឹងព្រមធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីជំរុញឲ្យមានការចាប់ផ្តើមនូវកិច្ចចរចាគ្នាជាលើកទី ៧ ក្នុងកម្រិតមេបញ្ជាការភូមិភាគយោធានៃភាគីទាំងពីរ ស្តីពីការដកកងទ័ពចេញពីតំបន់ខ្សែបន្ទាត់ នៃការត្រួតពិនិត្យជាក់ស្តែងរួមគ្នា (Line of Actual Control ឬ LAC) នៅតំបន់កាត់តាមជួរភ្នំហិម៉ាល័យ (Himalayas) និងតំបន់ជម្លោះឡាដាក (Ladakh)។

គួរបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌាបានជាប់គាំងនៅក្នុងជម្លោះព្រំដែនចាប់តាំងពីសង្គ្រាមឆ្នាំ១៩៦២ មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ នៅតំបន់ហិម៉ាល័យនៅឡើយទេ។ ដោយសារមូលហេតុនេះហើយ ទើបកងទ័ពនៃមហាយក្សអាស៊ីទាំងពីរ តែងតែមានការប៉ះទង្គិចគ្នាជារឿយៗ។ ជាក់ស្តែងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ បានផ្ទុះឡើងកាលពីដើមខែកញ្ញា ហើយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកថា បានបើកការការវាយប្រហារមុន៕