(ញូវដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសឲ្យថា ប្រទេសអូស្ត្រាលីនឹងចូលរួមសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាមួយ ដែលគ្រោងនឹងធ្វើឡើងជាមួយសហរដ្ឋអាមេរិកនិងជប៉ុន នៅខែក្រោយនេះ ក្នុងសកម្មភាពមួយដែលអាចបង្កការព្រួយបារម្ភដល់ភាគីចិន ដែលកន្លងមកធ្លាប់បានរិះគន់ការធ្វើសមយុទ្ធរួមគ្នានេះថា ជាទង្វើបង្កឲ្យមានអស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ប្រទេសឥណ្ឌាដែលធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយសហរដ្ឋអាមេរិក និងជប៉ុនជារៀងរាល់ឆ្នាំ ក្រោមឈ្មោះថា«Malabar» បានសម្រេចយល់ព្រម អញ្ជើញប្រទេសអូស្រ្តាលី ឲ្យចូលរួមការធ្វើសមយុទ្ធជាមួយគ្នាដែរនៅខែក្រោយនេះ ក្នុងសញ្ញាមួយដែលបង្ហាញពី កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិកហៅកាត់ថា ក្វាដ (Quad)។

តាមរយៈសេចក្តីថ្លែងការរបស់ខ្លួន ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា«ខណៈដែលឥណ្ឌាព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដទៃទៀតលើវិស័យសន្តិសុខដែនសមុទ្រ សមយុទ្ធ Malabar ២០២០ នឹងឃើញមានវត្តមានរបស់កងនាវាចរអូស្ត្រាលី»។

ចំណែកឯ រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោក Linda Reynolds វិញ បាននិយាយថា សមយុទ្ធ Malabar គឺជាឱកាសដ៏សំខាន់មួយសម្រាប់កងកម្លាំងការពារជាតិអូស្ត្រាលី ហើយពួកគេបានបង្ហាញនូវការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ រវាងបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗចំនួន០៤ និងមានឆន្ទៈរួមក្នុងការសហការគ្នា ដើម្បីផលប្រយោជន៍សន្តិសុខរួម។

ទោះជាយ៉ាងណា ភ្លាមៗនេះ ភាគីចិនមិនទាន់បានបញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ជុំវិញការធ្វើសមយុទ្ធខាងលើ ដែលចិនតែងតែចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពក្នុងតំបន់ ខណៈសហរដ្ឋអាមេរិក បាននិងកំពុងជំរុញឲ្យមានកិច្ចសហការកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលជាកម្លាំងដ៏សំខាន់ ដើម្បីខ្ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់៕