(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗក្នុងមួយថ្ងៃ ច្រើនជាង ៨០០នាក់ ៣ថ្ងៃជាប់ៗគ្នាមកហើយ ដោយនៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ទើបតែបានរកឃើញករណីឆ្លងថ្មីៗចំនួន ៨៦៥ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីសរុបនៅទូទាំងប្រទេសកើនដល់ ២១,៣៦៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ មាន ០៧ករណីប៉ុណ្ណោះដែលជាករណីប្រភេទនាំចូល ក្រៅពីនោះគឺសុទ្ធតែករណីឆ្លងក្នុងស្រុកទាំងអស់ ដោយភាគច្រើនត្រូវបានរាយការណ៍ចេញពីភាគខាងកើត នៃរដ្ឋ Sabah។ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៣នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ១៩០នាក់។

នៅថ្ងៃចន្ទ ទី១៩ ខែតុលានេះដែរ ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ៤៥៥នាក់បានជាសះស្បើយឡើងវិញផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១៣,៧១៧នាក់ ឬស្មើនឹង ៦៤.២% នៃអ្នកជំងឺសរុបទាំងអស់ខាងលើ។ ប្រការនេះធ្វើឲ្យករណីសកម្ម ឬអ្នកជំងឺកំពុងទទួលការព្យាបាលនៅឡើយ នាពេលបច្ចុប្បន្ន មានចំនួន ៧,៤៥៦នាក់៕