(ញូដេលី)៖ កងទ័ពឥណ្ឌានៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពួកគេកំពុងសួរចម្លើយទាហានចិនម្នាក់ បន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួននៅក្នុងតំបន់ជម្លោះឡាដាក(Ladakh)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

ប្រភពពីកងទ័ពឥណ្ឌាខាងលើបានបញ្ជាក់ទៀតថា ទាហានចិនរូបនោះមានឈ្មោះថា Wang Yalong បានដើរចូលក្នុងតំបន់ដែលគ្រប់គ្រងដោយកងទ័ពឥណ្ឌាដោយចៃដន្យ ហើយនៅលើខ្លួនមានកាតកងទ័ពរំដោះប្រជាជនចិន (PLA) មួយសន្លឹក ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ននេះ កងទ័ពឥណ្ឌាកំពុងសាកសួរចម្លើយ ហើយ ទំនងជាត្រូវបានប្រគល់ទៅឲ្យប្រទេសចិន វិញយោងទៅតាមកិច្ចព្រមព្រៀងដែលបានបង្កើតឡើង។

ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦២ មកទល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ នៅតំបន់ហិម៉ាល័យនៅឡើយទេ។ មូលហេតុនេះហើយ ទើបកងទ័ពភាគីទាំងពីរតែតែងមានការប៉ះទង្គិចគ្នា។ ជាក់ស្តែងបន្ទាប់ពីការប៉ះទង្គិចគ្នាមួយដ៏កក្រើក កាលពីខែខែឧសភាកន្លងទៅ ប្រទេសឥណ្ឌា និងចិនបានបង្កើនវត្តមានកងទ័ពនៅក្នុងតំបន់ជម្លោះរៀងៗខ្លួន។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាចុងក្រោយបង្អស់បានផ្ទុះឡើង កាលពីដើមខែកញ្ញា ក្រោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកថា បានបើកការការវាយប្រហារមុន។ ជាលទ្ធផល ប្រទេសឥណ្ឌា និងចិនបានបើកការកិច្ចពិភាក្សាយោធាកម្រិតខ្ពស់បំផុត ដើម្បីស្វែងរកដំណោះស្រាយព្រំដែនដ៏រ៉ំារ៉ៃ ហើយកិច្ចចរចាលើកទី ៦ ត្រូវបានធ្វើឡើងកាលពីចុងខែកញ្ញា៕