(បាងកក)៖ អភិបាលខេត្តតាក (Tak) ប្រទេសថៃ លោក Pongrat Piromrat បានបញ្ជាឱ្យបញ្ឈប់ការនាំចូល និងចេញនូវរាល់ទំនិញទាំងអស់ ដែលឆ្លងកាត់ព្រំដែន ជាមួយប្រទេសមីយ៉ាន់ម៉ាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ពីមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

អភិបាលខេត្ត Tak លោក Pongrat Piromrat បានឱ្យដឹងថា កាលពីសប្តាហ៍មុន អ្នកបើកឡានដឹកទំនិញឆ្លងព្រំដែនប្រទេសមីយ៉ាន់ម៉ា ០៣នាក់ និងសមាជិកនៃក្រុម គ្រួសារកម្មករចំណាកស្រុកមីយ៉ាន់ម៉ា ០៣នាក់ទៀត បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 នៅក្នុងស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ សហគមន៍ នេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរយៈពេល ២៤ម៉ោងដោយឆ្មាំភូមិ ដើម្បីធ្វើការត្រួតពិនិត្យសីតុណ្ហភាព រាងកាយរបស់មនុស្សគ្រប់គ្នាដែលចូល និងចេញពីទីតាំងនោះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ក៏បានណែនាំទីភ្នាក់ងារពាក់ព័ន្ធនានាឱ្យប្រុងប្រយ័ត្នចំពោះពលករ ចំណាកស្រុកខុសច្បាប់ដែលលួចចូលទៅក្នុងប្រទេសថៃផងដែរ។

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣,៦៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៤៨១នាក់៕