(តេហេរ៉ង់)៖ ទណ្ឌកម្មអាវុធរយៈពេល ១៣ឆ្នាំទៅលើប្រទេសអ៉ីរ៉ង់ បានឈានដល់ទីបញ្ចប់ទៅហើយ ខណៈរដ្ឋាភិបាលប្រទេសអ៉ីស្លាមមួយនេះត្រូវបានគេមើលឃើញថា កំពុងត្រៀមខ្លួនទិញ និងលក់សព្វាវុធឡើងវិញ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់លោក ម៉ូហាំម៉ាត់ អាមៀ ខាតាមី (Mohammad Amir Khatami) បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ប្រទេសជាច្រើនមកហើយបានទាក់ទងយើង ពាក់ព័ន្ធនឹងវិស័យយោធា ហើយជាការឆ្លើយតបវិញ យើងក៏បានរៀបចំកិច្ចចរចាជាមួយប្រទេសទាំងនោះ មួយចំនួនរួចមកហើយដែរ...។ ជាការពិតណាស់ យើងនឹងលក់អាវុធឲ្យបានច្រើនជាងការទិញអាវុធ»

ក្រៅពីការប្រកាសអំពីមហិច្ឆតាលក់អាវុធ ឲ្យបានច្រើនជាងការទិញអាវុធមកវិញនោះ អ៉ីរ៉ង់ក៏បានអួតអាងផងដែរថា ប្រទេសមជ្ឈិមបូព៌ាមួយនេះនៅតែអាចអភិវឌ្ឍវិស័យយោធា និងសព្វាវុធឲ្យ កាន់តែប្រសើរឡើង បើទោះបីជាស្ថិតនៅក្នុងអំឡុងពេល ដែលខ្លួនកំពុងជាប់ទណ្ឌកម្មក្តី។ លោករដ្ឋមន្ត្រីការពារជាតិ Khatami បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សត្រូវទាំងឡាយបានទទួលស្គាល់ថា អ៉ីរ៉ង់មានអំណាចមីស៊ីល ហើយក៏ស្ថិតនៅក្នុងចំណោមប្រទេសនាំមុខទាំង ០៥ នៅក្នុងការផលិតដ្រូនផងដែរ»

គួរបញ្ជាក់ថា នៅមុនការផុតកំណត់នៃទណ្ឌកម្មអាវុធ ទៅលើប្រទេសអ៉ីរ៉ង់នោះ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ក៏បានស្វះស្វែងកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសបណ្តាប្រទេសធំៗនៅអ៉ីរ៉ង់ ឲ្យជួយបន្តសុពលភាពនៃទណ្ឌកម្មផងដែរ ប៉ុន្តែពុំមានប្រទេសណា ព្រមដើរតាមសហរដ្ឋអាមេរិកនោះឡើយ។ ទោះជាបែបនេះក្តី សហរដ្ឋអាមេរិកនៅតែបញ្ជាក់ជំហររបស់ខ្លួនថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុន ឬក៏បុគ្គលទាំងឡាយណា ដែលបានចូលរួមពាក់ព័ន្ធនឹង ការទិញ-លក់អាវុធជាមួយប្រទេសអ៉ីរ៉ង់៕