(សេអ៊ូល)៖ ការធ្វើទារុណកម្ម, ការប្រមាថ និងការបំភិតបំភ័យដើម្បីទទួលបានចម្លើយសារភាព បាននិងកំពុងកើនឡើងយ៉ាងគំហុក នៅក្នុងប្រព័ន្ធយុត្តិធម៌របស់កូរ៉េខាងជើង ដែលក្រុមអ្នកតាមសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា «ចាត់ទុកមនុស្សមិនស្មើនឹងសត្វ»។ នេះបើតាមរបាយការណ៍នៃអង្គសិទ្ធិមនុស្សអាមេរិក ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ដោយផ្អែកលើការប្រមូលព័ត៌មាន តាមរយៈការសម្ភាសន៍ជាមួយអតីតមន្ត្រី និងអ្នកទោសធ្លាប់ជាប់ឃុំនៅកូរ៉េខាងជើងជាច្រើននាក់។ សាក្សីទាំងនេះបានប្រាប់ឱ្យដឹងថា នៅកំឡុងពេលជាប់ឃុំជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការ ពួកគេធ្លាប់ទទួលរងការប្រមាថ ការធ្វើទារុណកម្មដោយការវាយទាត់ធាក់, វាយនឹងខ្សែក្រវាត់ ឬវាយនឹងដំបងព្រមទាំងការបំភិតបំភ័យផ្សេងទៀតៗ ដើម្បីទទួលបានចម្លើយសារភាព ខណៈអ្នកទោសជាស្ត្រីខ្លះ ក៏ត្រូវបានគេរំលោភបំពានផ្លូវភេទផងដែរ។

«នៅទីនោះ(កូរ៉េខាងជើង) អ្នកត្រូវបានគេចាត់ទុកមិនស្មើនឹងសត្វផង... ហើយនេះគឺជាអ្វីដែលអ្នកត្រូវបានគេចាត់ទុកនៅទីនោះ»។ នេះបើតាមអតីតអ្នកជាប់ឃុំម្នាក់នៅ កូរ៉េខាងជើងឈ្មោះ យូន យ៉ាងចុល (Yoon Young Cheol)។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានគេចោទប្រកាន់ជារឿយៗថា បានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានចាប់តាំងពីទង្វើសាហាវឃោរឃៅ ដូចជាការធ្វើទារុណកម្ម រហូតដល់ការប្រហារជីវិតមនុស្សក្រៅប្រព័ន្ធតុលាការជាដើម។ ទោះជាបែបនេះក្តី ទីក្រុងព្យុងយ៉ាងតែងតែចេញមុខច្រានចោល រាល់ការចោទប្រកាន់ដោយអះអាងតបវិញថា ខ្លួនបានការពារ និងលើកកម្ពស់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ ហើយបណ្ដាប្រទេសលោកខាងលិច គ្មានសិទ្ធិអំណាចអ្វីដើម្បីប្រើប្រព័ន្ធស្ដង់ដាសិទ្ធិមនុស្សរបស់ខ្លួន មកវាយតម្លៃប្រទេសកូរ៉េខាងជើង ឬនៅលើពិភពលោកនោះទេ។

មិនតែប៉ុណ្ណោះរបបដឹកនាំលោក គីម ជុងអ៊ុន ក៏បានចោទប្រកាន់ដែរថា ការថ្កោលទោស និងការរិះគន់ទាំងឡាយលើស្ថានភាពសិទ្ធិមនុស្ស គ្រាន់តែជាយុទ្ធនាការលាបពណ៌, បង្ខូចកេរ្តិ៍ឈ្មោះ និងសំដៅបំផ្លាញប្រព័ន្ធសង្គមដ៏ពិសិដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ៕