(ចូហាន់ស៍ប៊ឺក)៖ ការិយាល័យសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលលោក ហ្សាវែលី ម៉ាខាយស៍ (Zweli Mkhize) និងភរិយារបស់លោកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ខណៈអាហ្វ្រិកខាងត្បូងកំពុងឈរលំដាប់លេខ ១ ដាច់ពីគេឯងឆ្ងាយតែម្តងនៅទ្វីបអាហ្វ្រិក ក្នុងនាមជាប្រទេសមានករណីឆ្លងជំងឺនេះធ្ងន់ធ្ងរបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

លោក Mkhize បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំកំពុងសម្រាកព្យាបាល នៅផ្ទះជាមួយភរិយារបស់ខ្ញុំ ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា យើងទាំងពីរអ្នកនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ»។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ ត្រូវបានគេកត់សំគាល់ថា «ជាអ្នកប្រយុទ្ធជួរមុខ» ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាននៃវីរុសដ៏កាចសាហាវនេះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោកបានជំរុញឲ្យពលរដ្ឋទាំងអស់បន្តប្រកាន់ខ្ជាប់ នូវការអនុវត្តវិធានការសុខភាពសាធារណៈ ដូចជាការពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងការរក្សាគម្លាតសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលនៅថ្ងៃចន្ទនេះ អាហ្វ្រិកខាងត្បូងមានករណីឆ្លងជំងឺ COVID-19 សុរបចំនួនជាង ៧០៣,៧០០ករណី ក្នុងនោះមនុស្ស ១៨,៤៧១នាក់បានស្លាប់ និងជាង ៦៣៤,០០០នាក់ជាសះស្បើយឡើងវិញ គិតចាប់តាំងពីការផ្ទុះឡើងដំបូងនៃវីរុសក្នុងប្រទេសនេះ កាលពីខែមីនាកន្លងទៅ៕