(បាងកក)៖ ក្រុមបាតុករថៃនៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា ពួកគេនឹងបន្តប្រឆាំងនឹងក្រឹត្យបន្ទាន់ ឬដែលថា ការប្រកាសអាសន្នរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ដែលហាមប្រាមការប្រមូលផ្ដុំគ្នា បន្ទាប់ពីការប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុប្បកម្ម កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសោរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

ក្រុមបាតុករប្រមាណ ៣,០០០នាក់បានប្រមូលផ្តុំគ្នា នៅក្នុងតំបន់ផ្សារទំនើបដ៏ធំនៅក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យយមានការដោះលែងបាតុករដែលបានចាប់ខ្លួន ហើយអ្នកខ្លះបានស្រែកជេរប្រមាថនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មុនពេលពួកគេត្រូវបានបំបែកដោយប៉ូលិស។ ក្រុមយុវជនសេរីដែលជាក្រុមមួយ ក្នុងចំណោមក្រុមតវ៉ាធំៗនៅព្រឹកថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន វិលត្រឡប់មកធ្វើការតវ៉ានៅតាមដងផ្លូវសាជាថ្មី នាពេលខាងមុខ។ ក្រុមយុវជនខាងលើបានបង្ហោះសារ នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ត្រូវត្រៀមខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ការធ្វើបាតុកម្ម ដើម្បីទប់ទល់នឹងការបង្ក្រាបប្រសិនបើវាកើតឡើង»

ប៉ូលិសបង្ក្រាបកុប្បកម្មរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងបាតុករកាលពីថ្ងៃសុក្រម្សិលមិញ ដោយប្រើកាណុងបាញ់ទឹកដែលមានសារធាតុគីមីពណ៌ខៀវ ដើម្បីសំគាល់ក្រុមបាតុករ។ យោងតាមសម្តីរបស់មន្ត្រីប៉ូលិសបានឲ្យដឹងថា ពួកគេនឹងចាប់ខ្លួនក្រុមបាតុករ ដែលមានប្រឡាក់ពណ៌ខៀវ ដើម្បីចាត់វិធានការផ្លូវច្បាប់នាពេលអនាគត។

គួរបញ្ជាក់ថា ព្រះបរមរាជវាំង និងឥស្សរជននយោបាយ ព្រមទាំងក្រុមអ្នកមានអំណាច នៅមិនទាន់បានបង្ហាញពីសញ្ញាឆ្លើយតប ទៅនឹងការទាមទាររបស់ក្រុមអ្នកតវ៉ាដោយផ្ទាល់នៅឡើយទេ ប៉ុន្តែនៅក្នុងពិធីមួយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយបានក្រើនរំលឹកសាជាថ្មីដល់ពលរដ្ឋថៃទាំងអស់ថា យើងត្រូវការមនុស្សស្រឡាញ់ប្រទេសមួយនេះ និងអ្នកស្រឡាញ់ស្ថាប័នរាជាធិបតេយ្យ៕