(កាលីហ្វរញ៉ា)៖ លោក អេឡុន ម៉ាសក៍ (Elon Musk) ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានប្រកាសអំពីការជ្រើសរើសយកទីតាំងមួយ សម្រាប់ការសាងសង់មូលដ្ឋានស្នាក់នៅ លើផ្ទៃភពព្រះអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

ការប្រកាសរបស់លោក Musk ធ្វើឡើងកំឡុងព្រឹត្តិការណ៍ជជែកពិភាក្សាតាមអនឡាញមួយ ស្តីពីការស្រាវជ្រាវ និងការបោះមូលដ្ឋាននៅលើភពអង្គារហៅថា 2020 Mars Society Virtual Convention។ នាយកប្រតិបត្តិ SpaceX រូបនេះបានប្រាប់ទៀតថា មូលដ្ឋានស្នាក់នៅដំបូងបំផុត នឹងមានទីតាំងស្ថិតនៅប៉ូលខាងជើងរបស់ភពអង្គារ ជាតំបន់ដែលពោរពេញដោយទឹកកក។ ទឹកកកទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីផលិតជាខ្យល់ដកដង្ហើម (អុកស៊ីសែន) ក៏ដូចជាថាមពលផ្គត់ផ្គង់នានា។

នាឱកាសនោះ លោក Elon Musk ក៏បានបង្ហើបឲ្យដឹងទៀតដែរថា ជើងហោះហើរទីមួយនៃនាវាអវកាស Starship ដែលអាចដឹកមនុស្សបាន ១០០នាក់របស់ក្រុមហ៊ុន SpaceX ឆ្ពោះទៅកាន់ភពអង្គារ អាចនឹងត្រូវធ្វើឡើងនៅក្នុងពេល ០៤ឆ្នាំទៀត។

គួរបញ្ជាក់ថា នាពេលកន្លងទៅនេះលោក Musk ក៏ធ្លាប់សង្កត់ធ្ងន់ដែរថា ការតាំងមូលដ្ឋានដែលអាចដំណើរការពេញលេញ ហើយទ្រទ្រង់ខ្លួនឯងបាននៅលើភពអង្គារ ទំនងជាមិនអាចបង្កើតឡើងក្នុងរយៈពេល ត្រឹមប៉ុន្មានទសវត្សរ៍ខាងមុខនេះឡើយ ព្រោះវាត្រូវការជើងហោះហើរ រាប់ពាន់ជើងឯណោះទៅកាន់ភពអង្គារ។ កាលពីខែកញ្ញា លោក Musk ក៏បានព្រមានដែរថា ការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺប្រហែលជាការធ្វើដំណើរដែលមិនអាចត្រឡប់មកផែនដីវិញនោះឡើយ ប៉ុន្តែវានឹងអស្ចារ្យជាទីបំផុត បើអ្វីៗអាចប្រព្រឹត្តទៅបានដោយជោគជ័យ៕