(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START យ៉ាងហោចណាស់មួយឆ្នាំទៀត ដោយគ្មានលក្ខខណ្ឌជាមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

លោកពូទីន បានលើកឡើងនូវសំណើនេះ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃសុក្រ ទី១៦ ខែតុលានេះតែម្តង។ នាឱកាសនោះ បុរសខ្លាំងរុស្ស៊ីរូបនេះបាននិយាយយ៉ាងដូច្នេះថា«ខ្ញុំមានសំណើមួយ ចង់ឲ្យបន្តសុពលភាពនៃសន្ធិសញ្ញាដែលមានស្រាប់ ដោយគ្មានលក្ខខណ្ឌមុន យ៉ាងហោចណាស់រយៈពេលមួយឆ្នាំទៀត»។

លោកពូទីនបានគូសបញ្ជាក់ថា«ដូច្នេះយើងនឹងមានឱកាស ក្នុងការចរចាជាមួយគ្នាបន្តទៅមុខទៀត លើគ្រប់បញ្ហាដែលកំណត់ដោយសន្ធិសញ្ញាប្រភេទនេះ។ យើងមិនទុកឲ្យប្រទេសរបស់យើង ក៏ដូចជារដ្ឋទាំងអស់នៅលើពិភពលោក ស្ថិតនៅដោយគ្មានកិច្ចព្រមព្រៀងជាមូលដ្ឋានដូចជាសន្ធិសញ្ញា New START នេះឡើយ»។

គួរជម្រាប សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ នេះ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕