(បរទេស)៖ ក្នុងទីអវកាសមានសំរាមជាច្រើន រួមមានតាំងពីខ្មោចផ្កាយរណប រហូតដល់កំណាត់គ្រាប់រ៉ុក្កែត ឬផ្នែកយានអវកាស ដែលត្រូវបោះបង់ចោល។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បំណែកចំនួនពីរបានហោះកាត់គ្នាយ៉ាងកៀក បន្ទាប់ពីគេបារម្ភថាពួកវាអាចបុកគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុនមួយនៅអាមេរិកឈ្មោះ LeoLabs ដែលប្រើរ៉ាដាតាមផ្កាយរណប និងបំណែកផ្សេងៗក្នុងទីអវកាស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនកំពុងឃ្លាំមើលបំណែកវត្ថុចំនួនពីរដែលអាចបុកគ្នា។ យ៉ាងណាមិញ មកដល់យប់ថ្ងៃព្រហស្បតិ៍ ទិន្នន័យរ៉ាដាបង្ហាញថា បំណែកទាំងពីរនោះបានហោះកាត់គ្នាក្នុងគម្លាត៨-៤៣ម៉ែត្រ លើទ្វីបអង់តាកទិច នៅកម្ពស់ជិត១,០០០គីឡូម៉ែត្រ។

គួរជម្រាបថា បំណែកទាំងពីរខាងលើ មួយជាផ្កាយរណប Kosmos-2004 របស់រុស្ស៉ី និងកំណាត់គ្រាប់រ៉ុក្កែត ChangZheng របស់ចិន។ ជាមួយម៉ាសរួមបញ្ចូលគ្នាច្រើនជាង២.៥តោន និងល្បឿនប្រហែល១៤.៦៦គីឡូម៉ែត្រក្នុងមួយវិនាទី ការបុកគ្នារវាងវត្ថុទាំងពីរនឹងអាច បង្កជាបន្ទុះដ៏ខ្លាំងក្លា ដែលបង្កើតចេញជាកម្ទេចកម្ទីតូចៗជាច្រើនក្នុងទីអវកាស។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បច្ចុប្បន្នមានវត្ថុសរុបជិត១៣០បំណែក ដែលកំពុងរសាត់អណ្តែតជុំវិញគន្លងផែនដី ។ បំណែកទាំងនេះជាទូទៅ ធ្វើដំណើរក្នុងល្បឿនលឿនជាងគ្រាន់កាំភ្លើង១០ដង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ឧបករណ៍នានា ដូចជា ផ្កាយរណបកំពុងដំណើរការជាដើម ទោះបំណែកទាំងនោះតូចប៉ុនណាក៏ដោយ ហើយបើត្រូវចំអវកាសយានិកវិញគឺ អាចបណ្តាលឲ្យបាត់បង់ជីវិតតែម្តង៕