(ស៊ីដនី)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជើងហោះហើរផ្ទុកអ្នកដំណើររាប់រយនាក់ មកពីប្រទេសនូវែលសេឡង់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្រ្តាលី ដែលនេះជាការមកដល់នៃជើងហោះហើរបរទេសដំបូងបំផុត គិតចាប់តាំងពីករណីឆ្លង COVID-19 នៅកណ្ដាលប្រទេសអូស្ត្រាលី មានការថយចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានរាយការណ៍ឱ្យដឹងថា រដ្ឋវិចតូរៀ (Victoria) បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ០២ករណីបន្ថែមទៀត ដែលជាករណីឆ្លងប្រចាំថ្ងៃទាបបំផុត គិតចាប់តាំងពីដើមខែមិថុនាមកម្ល៉េះ។ ទីក្រុង មែលប៊ឺន (Melbourne) នៃរដ្ឋ វិចតូរៀ (Victoria) បានស៊ូទ្រាំនឹងវិធានការណ៍បិទទ្វារ យ៉ាងតឹងរ៉ឹងអស់ជាច្រើនខែ ទោះបីជាប្រធានរដ្ឋបាលនៃរដ្ឋនេះ គឺលោក ដានីញែល អាន់ឌ្រូ (Daniel Andrews) គ្រោងនឹងប្រកាសពីផែនការ ដើម្បីបន្ធូរបន្ថយវិធានការណ៍រឹតត្បិតមួយចំនួន នៅថ្ងៃអាទិត្យសប្ដាហ៍នេះក៏ដោយ។

ចំណែកឯ រដ្ឋញូសោតវែលស៍ (New South Wales) ដែលមានជើងហោះហើរនូវែលសេឡង់ចំនួន ០៣គ្រោងនឹងចុះចតនៅថ្ងៃសុក្រនេះ បានកត់ត្រានូវការកើនឡើងទ្វេដងនៃករណីឆ្លង COVID-19 ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើទោះបីជាករណីឆ្លងសរុបនៅទូទាំងរដ្ឋនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងករណីឆ្លងនៅប៉ែកខាងអឺរ៉ុប និងអាមេរិកខាងជើងក៏ដោយ។

គួរជម្រាបថា បើតាមក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ (Air New Zealand) អ្នកដំណើរនៅលើជើងហោះហើរ នឹងមិនត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅទីក្រុង Sydney នោះទេ តែទោះយ៉ាងណា ក៏នៅតែមិនទាន់មានការសម្របសម្រួលទាំងសងខាងដែរ ដោយប្រទេសនូវែលសេឡង់តម្រូវឱ្យអ្នកដំណើរទាំងឡាយនៅលើជើងហោះហើរ ដែលមកដល់ប្រទេសរបស់ខ្លួន នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕