(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១,០២៦ករណី ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ៣២,៥៣១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ៣៣នាក់ផងដែរ ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៧៦៥នាក់។ ក្នុងចំណោមករណីឆ្លងទាំង ៣២,៥៣១ករណីខាងលើ មានអ្នកជាសះស្បើយឡើងវិញចំនួន ១៤,៧០៦នាក់។

គួរជម្រាបថា មកទល់ពេលនេះ មានមនុស្សសរុប ៤៦៤,៥៥៧នាក់ហើយ ដែលត្រូវធ្វើតេស្តរក COVID-19 ខណៈប្រទេសអាស៊ានមួយនេះ បានរកឃើញករណីឆ្លងដំបូងចំនួន ២ករណី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ៕