(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានស្នើឱ្យវិទ្យាស្ថានសិក្សាស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិក បញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដែលខ្លួនទទួលបានពីបរទេស អមជាមួយនិងការព្រមានថា ជំនួយគាំទ្ររបស់ចិន និងរុស្ស៊ីសម្រាប់វិទ្យាស្ថានទាំងនេះ អាចមានឥទ្ធិពលលើគោលនយោបាយអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

សំណើរបស់លោក ប៉ុមប៉េអូ ខាងលើបានកើតមានឡើង ចំពេលដែលរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងបង្កើនការដាក់សម្ពាធលើចិន តាមរយៈជីករកឬសគល់នៃឥទ្ធិពលរបស់ចិន នៅក្នុងសហរដ្ឋអាមេរិក ដោយកាលពីខែសីហាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានរឹងបន្តឹងច្បាប់មួយចំនួន ប្រឆាំងនឹងវិទ្យាសា្ថនខុងជឺរបស់ចិន។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលាវ៉ាស៊ីនតោន) លោក ប៉ុមប៉េអូ បានស្នើឱ្យវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយ មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសអាមេរិក ដើម្បីបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុបរទេស នៅក្នុងគេហទំព័ររបស់ខ្លួន ក្នុងនោះរួមមានទាំងការគាំទ្រពីអង្គភាព ដែលគំាទ្រដោយរដ្ឋផងដែរ។

គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ប្រទេសន័រវែសគឺជាម្ចាស់ជំនួយដ៏ធំ ដោយបានផ្ដល់ជំនួយហិរញ្ញវត្ថុ ២៧.៧លានដុល្លារ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ សម្រាប់វិទ្យាសា្ថនសិក្សាស្រាវជ្រាវកំពូលៗទាំង ៥០ ក្នុងសហរដ្ឋអាមេរិក តាមពីក្រោយដោយចក្រភពអង់គ្លេស ប៉ុន្តែការកំណត់គោលដៅគ្រោះថ្នាក់ គឺទំនងជាចង់ផ្តោតតែទៅលើប្រទេសចិន និងរុស្ស៊ីប៉ុណ្ណោះ៕