(ហាណូយ)៖ មនុស្សយ៉ាងហោចណាស់ ២៩នាក់បានស្លាប់នៅភាគកណ្តាលប្រទេសវៀតណាម ខណៈមនុស្ស ១២នាក់ទៀតកំពុងបាត់ខ្លួន និងផ្ទះជាង ១៣០,០០០ខ្នងបានជន់លិច ព្រមទាំងចំការដំណាំជាច្រើនហិកដាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នាព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

អាជ្ញាធរឧតុនិយមវៀតណាមបានឲ្យដឹងថា ភ្លៀងអាចបន្តធ្លាក់បន្ថែមទៀតនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម។ មនុស្សប្រហែល ៥០,០០០នាក់ ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀសចេញពីតំបន់រងគ្រោះ ដោយសារទឹកជំនន់រួមមានខេត្តក្វានប៊ិញ (Quan Binh), ក្វាងទ្រី (Quang Tri), ក្វាងណាម (Quang Nam), និងខេត្ត ធួធានហឺ (Thua Thien-Hue)។ អាជ្ញាធរមូលដ្ឋានបានស្នើសុំដល់រដ្ឋាភិបាលវៀតណាម ឲ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាអង្ករ ៦,៥០០តោន, ស្បៀងបន្ទាប់បន្សំ និងឧបករណ៍សង្គ្រោះចំបាច់ផ្សេងៗទៀត។

នៅជុំវិញបញ្ហាខាងលើលោកនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានជម្រុញឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការបន្ថែមទៀត ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួន និងធានាឲ្យប្រាកដថា ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ទទួលបាននូវតម្រូវការចាំបាច់ប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ព្យុះត្រូពិកមួយទៀតដែលមានឈ្មោះថា ណាងកា (Nangka) ត្រូវបានអាជ្ញាធរវៀតណាមព្យាករណ៍ថា នឹងវាយប្រហារនៅភាគខាងជើង និងភាគកណ្តាលប្រទេស ចាប់ពីថ្ងៃពុធនេះតទៅហើយ។ ទីភ្នាក់ងារអាកាសធាតុជាតិបានព្រមានថា ព្យុះនេះនឹងនាំមកនូវទឹកភ្លៀងរហូតដល់កម្រិត ៤០០មីលីម៉ែត្រនៅតាមបណ្តាខេត្ត ដូចដែលបានរៀបរាប់ខាងលើ៕