(វ៉ាស៊ីនតោន)៖ ជំងឺរាតត្បាត COVID-19 នឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ថវិការហូតដល់ ១៦ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៩០% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ(GDP), នេះបើតាមលើកឡើងរបស់អតីតលេខាធិការរតនាគារអាមេរិកលោក Lawrence Summers និងសេដ្ឋវិទូនៃសាកលវិទ្យាល័យ Harvard លោក David Cutler។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនសុីនហួរ នាល្ងាចថៃ្ងអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

តាមរយៈអត្ថបទមួយដែលចុះផ្សាយនៅលើគេហទំព័ររបស់សមាគមវេជ្ជសាស្ត្រអាមេរិក លោក Cutler និង Summers បានលើកឡើងថា ប្រមាណជាពាក់កណ្តាល នៃទឹកប្រាក់ដែលបានព្យាករថានឹងខាងបង់ខាងលើ គឺជាប្រាក់ចំណូលដែលបាត់បង់ពីការថយចុះផ្នែកសេដ្ឋកិច្ចដោយសារតែវិបត្តិជំងឺ COVID-19 ខណៈចំនួនដែលនៅសេសសល់គឺគិតទៅលើផលប៉ះពាល់សង្គម និងសុខាភាពសាធារណៈ។

នៅក្នុងអត្ថបទដដែលនេះ បានគូសបញ្ជាក់ទៀតថា សេដ្ឋកិច្ចអាមេរិកនឹងខាតបង់ច្រើនស្មើ ៤ដង នៃការខាតបង់កាលកំឡុងវិបត្តិសេដ្ឋកិច្ចចន្លោះឆ្នាំ ២០០៧ ដល់ ២០០៩ និងច្រើនជាងពីរដងនៃការចំណាយសរុប លើសង្គ្រាមទាំងអស់ ដែលសហរដ្ឋអាមេរិកបានប្រយុទ្ធចាប់តាំងពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ រួមមានសង្គ្រាមនៅអាហ្វហ្គានីស្ថាន អុីរ៉ាក់ និងស៊ីរីជាដើម។

នៅជុំវិញបញ្ហានេះដែរ លោក Cutler និង Summers បានសង្កត់ធ្ងន់ថា ការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏ច្រើនសម្បើមដោយសារតែវិបត្តិ COVID-19 នេះ វាជំរុញឲ្យយើងគិតឡើងវិញ ចំពោះតួនាទីរបស់រដ្ឋាភិបាលក្នុងការរៀបចំយុទ្ធសាស្រ្តទុកជាមុន ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតដែលអាចនឹងផ្ទុះនាពេលខាងមុខទៀត។ នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកដែលឈរនៅលើកំពូលតារាង នៃប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេនៅលើពិភពលោកនោះ មានករណីសរុបជាង ៨លាន ៣មុឺននាក់ ក្នុងនោះស្លាប់ជាង ២មុឺន ២ពាន់នាក់ និងជាសះស្បើយជាង ៥លាននាក់៕