(គួរឡាឡាំពួរ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី(Wang Yi) នៅថ្ងៃអង្គារនេះ បាននិយាយថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការបង្កហានិភ័យសន្តិសុខដ៏ធំមួយដល់អាស៊ីទាំងមូល តាមរយៈការបញ្ចុះបញ្ចូល ដើម្បីបង្កើនវត្តមាននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

លោក វ៉ាង យី បានធ្វើការកត់សម្គាល់បែបនេះ ចេញពីទីក្រុងគួរឡាឡាំពួរ ជាទីដែលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ក្រោមក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងឱកាសនោះ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានលើកឡើងថា គោលបំណងពិតប្រាកដរបស់សហរដ្ឋអាមរិកនៅក្នុងតំបន់ គឺដើម្បីបង្កើតអង្គការ NATO ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្នុងយុទ្ធសាស្ត្រមួយដែលកំពុងជំរុញឲ្យត្រឡប់ទៅរកសង្គ្រាមត្រជាក់សាជាថ្មី។

លោក Wang បានបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើឲ្យមានការប្រឈមមុខដាក់គ្នារវាងក្រុមនិងប្លុកផ្សេងៗគ្នា និងបង្កើនការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់ ដើម្បីរក្សាបាននូវភាពលេចធ្លោនិងប្រព័ន្ធអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ ក្នុងន័យនេះ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺជាហានិភ័យដ៏ធំធេងដល់តំបន់អាស៊ីទាំងមូល។ ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាុយណា ដែលមានបំណងបង្កើតក្រមប្រតិបត្តិជាមួយចិន នៅសមុទ្រចិនខាងត្បូង ជាដំបូងត្រូវដក«ការរំខានពីក្រៅ»សិន ដែលទំនងលោកចង់សំដៅលើសហរដ្ឋអាមរិកតែម្តង៕