(ប៉េកាំង)៖ អង្គការអវកាសចិន CNSA បានបង្ហាញរូបថត Selfie មួយចំនួន ដែលយានអវកាស Tianwen-1 បានថតនៅពេលកំពុងហោះសំដៅទៅរកភពអង្គារ ដែលអាចឲ្យគ្រប់គ្នាមើលឃើញ តួយានមួយនេះស្ទើរទាំងមូលតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នាល្ងាចថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

កាមេរ៉ាតូចមួយជាប្រភេទថតរូបទូលាយ (wide-angle) ត្រូវបានទាញចេញពីតួខ្លួនរបស់យាន Tianwen-1 ដើម្បីអាចឲ្យវាថតរូបតួខ្លួនយានទាំងមូលបាន និងបាញ់បញ្ជូនរូបថត Selfie ទាំងនោះ មកកាន់ក្រុមការងារគ្រប់គ្រងបេសកកម្មយានរបស់ចិន នៅលើភពផែនដី។ រូបទាំងពីរសន្លឹកអាចឲ្យយើងឃើញតួយានទាំងមូល ត្រូវបានពន្លឺព្រះអាទិត្យចាំងពីលើ។

អង្គការអវកាសចិនបានឲ្យដឹងទៀតថា យានដែលកំពុងធ្វើដំណើរទៅស្រាវជ្រាវភពអង្គារខាងលើនេះ កាលពីចុងសប្តាហ៍មុនបានស្ថិតនៅគម្លាតជិត ៣០លានគីឡូម៉ែត្រពីផែនដី ខណៈវាបានធ្វើដំណើរក្នុងរយៈចម្ងាយ ១៨៨លានគីឡូម៉ែត្រទៅហើយ នៅក្នុងគន្លងគោចរជារង្វង់ៗរាងពងក្រពើ ឆ្ពោះទៅមុខយ៉ាងសន្សឹមៗទៅរកភពអង្គារបន្តិចម្តងៗ។

គួរបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារ Tianwen-1 ដែលមានផ្ទុកផ្កាយរណប សម្រាប់គោចរជុំវិញភពអង្គារមួយគ្រឿង, ជើងទម្រមួយគ្រឿង និងរ៉ូប៊ូតចល័តលើភពអង្គារមួយគ្រឿងនោះ ត្រូវបានបាញ់ចេញពីទឹកដីចិនដោយប្រើប្រាស់រ៉ុក្កែត Long March 5 កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងគ្រោងទៅចុះចតលើភពអង្គារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ វាជាបេសកកម្មស្រាវជ្រាវទីអវកាសធំបំផុត និងជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រចិទៅកាន់ភពដទៃ៕