(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ការផ្សាយពាណិជ្ជកម្មនៃយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ត្រូវបានកាត់តដើម្បីធ្វើឱ្យមើលទៅឃើញថា ប្រធានាធិបតីអាមេរិករូបនេះហាក់ដូចជាទទួលបានការគាំទ្រ ទៅលើដំណោះស្រាយចំពោះជំងឺឆ្លងរាតត្បាតសកល (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

ការផ្សាយពាណិជ្ជកម្មរយៈពេល ៣០វិនាទីអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ត្រាំ ជាមួយនិងជំងឺឆ្លងរាតត្បាតសកល (COVID-19) បានបង្ហាញថា «ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែជាសះស្បើយពីជំងឺនេះ ហើយសហរដ្ឋអាមេរិចក៏នឹងដូច្នេះដែរ» និងបានរួមបញ្ជូលទាំងឃ្លីបវីដេអូខ្លីមួយទៀត ដែលក្នុងនោះលោក Fauci ហាក់បីដូចជាបង្ហាញការពេញចិត្ត ចំពោះការព្យាយាមដោះស្រាយរបស់លោកប្រធានាធិបតី ត្រាំ លើបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះយ៉ាងខ្លាំង ដោយលោកបានបញ្ចេញមតិយោបល់ថា «ខ្ញុំមិនអាចនឹកស្រមៃឃើញទេថា នរណាម្នាក់អាចនឹងធ្វើបានច្រើនជាងនេះទេ»

ជុំវិញបញ្ហារសើបខាងលើនេះ ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID) លោក Anthony Fauci បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យ ទី១១ ខែតុលាថា «នៅក្នុងការបម្រើសេវាកម្មសាធារណៈជិត ៥ទសវត្សរ៍របស់ខ្ញុំ ខ្ញុំមិនដែលពេញចិត្ត និងយល់ស្របជាសាធារណៈដល់បេក្ខជននយោបាយណាមួយឡើយ»។ លោក Fauci បានគូសបញ្ជាក់បន្ថែមទៀតថា ឃ្លីបវីដេអូពេញលេញនៃការបញ្ចេញមតិខាងលើ គឺលោកបាននិយាយឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយ Fox News កាលពីខែមីនាមកម្ល៉េះថា «ខ្ញុំបានលះបង់ស្ទើរតែគ្រប់ពេលវេលារបស់ខ្ញុំលើបញ្ហាមួយនេះ។ ខ្ញុំបានទៅកាន់សេតវិមានស្ទើរតែរាល់ថ្ងៃជាមួយក្រុមការងារ ហើយខ្ញុំមិនអាចស្រមៃឃើញទេថា នរណាម្នាក់អាចនឹងធ្វើបានច្រើនជាងនេះទេ»

បើតាមលោក Fauci ការកាត់តវីដេអូយកពាក្យតែមួយឃ្លារបស់លោកខាងលើនេះ គឺទំនងជាចង់ឲ្យមហាជនមានការភ័ន្តច្រឡំថា លោកបានកោតសរសើរលោក ដូណាល់ ត្រាំ ថាបានធ្វើកិច្ចការងារយ៉ាងច្រើន ពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិ COVID-19 នៅសហរដ្ឋអាមេរិក ដែលមិនអាចមាននរណាផ្សេងទៀត អាចធ្វើបានច្រើនដូចលោក ត្រាំ នោះឡើយ ប៉ុន្តែតាមការពិតទៅ ក្នុងអត្ថន័យដើម គឺផ្ទុយពីនេះទាំងស្រុងតែម្តង។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់លោក Fauci មតិយោបល់ដែលបានបង្ហាញលើការផ្សាយពាណិជ្ជកម្មរបស់ក្រុមយុទ្ធនាការបោះឆ្នោត លោក ត្រាំ នោះត្រូវបានដកចេញពីសារមួយ ដែលលោកបាននិយាយកាលពីប៉ុន្មានខែមុន អំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខភាពសាធារណៈ នៃសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕