(ហាណូយ)៖ ប្រជាជនវៀតណាមសរុប ១៧នាក់ស្លាប់ និង ១៣នាក់ទៀតបាត់ខ្លួន នៅក្នុងគ្រោះធម្មជាតិព្យុះ និងទឹកជំនន់ នៅភាគកណ្តាលប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដកស្រង់ចេញពីទូរទស្សន៍រដ្ឋវៀតណាម VTV នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

គ្រោះមហន្តរាយទំនងជាមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយនៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ភាគកណ្តាលប្រទេសវៀតណាមដដែល ត្រូវបានអាជ្ញាធរព្យាករណ៍ថា នឹងទទួលរងការវាយប្រហារដោយព្យុះទីហ្វុង លីនហ្វា (Linfa) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំ, ខ្យល់បោកបក់ខ្លាំង និងគ្រោះទឹកជំនន់។ ក្រុមឆ្មាំសមុទ្ររបស់វៀតណាម បានព្យាយាមជួយសង្គ្រោះពលរដ្ឋចេញពីកន្លែងដែលជាប់គាំង ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងមធ្យោបាយផ្សេងទៀតដែលអាចទៅរួច ជាពិសេសនៅក្នុងខេត្តក្វាងទ្រី (Quang Tri) ដែលបាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។

បើតាមទិន្នន័យបឋម ព្យុះភ្លៀងដែលបានកើតមានឡើងកាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអាហារបរិភោគ, ៣១,០០០នាក់ត្រូវបានជម្លៀស និងផ្ទះសម្បែងសរុប ៣៣,០០០ខ្នងរងការលិចលង់ ឬបំផ្លិចបំផ្លាញ។ ប្រទេសវៀតណាម ឡាវ និងកម្ពុជា សុទ្ធតែកំពុងទទួលរងឥទ្ធិពលពីព្យុះទីហ្វុង Linfa នេះដូចគ្នា ហើយអាជ្ញាធរប្រទេសនីមួយៗ ក៏កំពុងបង្កើនការប្រកាសអាសន្ន និងជួយសង្គ្រោះប្រជាជនដែលងាយរងគ្រោះផងដែរ៕