(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអាទិ្យ ទី១១ ខែតុលា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៥៦១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ១៥,៦៥៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថាករណីភាគច្រើនទាំងនោះ គឺត្រូវបានរាយការណ៍ចេញពីភាគខាងកើត នៃរដ្ឋ Sabah។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៥៦១ករណីខាងលើ មានតែ ០៨ករណីប៉ុណ្ណោះជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០២នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ១៥៧នាក់។

នៅថ្ងៃអាទិត្យ ទី១១ ខែតុលានេះដែរ ក្រសួងសុខាភិបាលម៉ាឡេស៊ី ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន ១៣៣នាក់បានជាសះស្បើយឡើងវិញផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១០,៩១៣នាក់ ឬស្មើនឹង ៦៩.៧% នៃអ្នកជំងឺសរុបទាំងអស់ខាងលើ។ ប្រការនេះធ្វើឲ្យករណីសកម្ម ឬអ្នកជំងឺកំពុងទទួលការព្យាបាលនៅឡើយ នាពេលបច្ចុប្បន្ន មានចំនួន ៤,៥៨៧នាក់៕