(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្សី នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ រុស្ស៊ីបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ១៣,៦៣៤ករណីបន្ថែម ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានពីមុនមក ខណៈករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនជិតដល់ ១លាន ៣សែនករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ១៤៩នាក់ទៀតដែលត្រូវបានកត់ត្រាផងដែរ។ ប្រការនេះនាំឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២២,៥៩៧នាក់។

អាជ្ញាធររុស្សី បានណែនាំប្រជាជនរបស់ខ្លួនឲ្យអនុវត្តវិធានការ «ស្ថិតនៅផ្ទះ» នៅចុងសប្តាហ៍នេះខណៈអាជ្ញាធរក្រុងម៉ូស្គូ ក៏កំពុងពិចារណាលើការបិទបារ និងក្លិបរាត្រីដើម្បី បញ្ឈប់ការឆ្លងរាលដាលនៃរលកទី២ (COVID-19) នេះផងដែរ។

ទោះជាយ៉ាងណា វិមានក្រឹមឡាំង បាននិយាយថា ខ្លួនមិនមានផែនការដាក់ចេញនូវវិធានការបិទខ្ទប់ប្រទេស ឬ Lockdown នៅពេលនេះទេ ទោះបីបួនថ្ងៃជាប់ៗគ្នាមកនេះ ករណីឆ្លងថ្មីៗត្រូវបានរាយការណ៍ថា ជាករណីឆ្លងខ្ពស់បំផុតចាប់តាំងពីមានការឆ្លងរាលដាលនៃ COVID-19 នេះនៅក្នុងប្រទេសក៏ដោយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី បាននិយាយថាប្រទេសនេះសង្ឃឹមថា នឹងអាចចាប់ផ្តើមដំណើការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនដែលបានចុះបញ្ជីរួចហើយនោះ ជាលក្ខណៈទ្រង់ទ្រាយធំនៅខែតុលានេះ។ ភាពលឿនរហ័សនៃវា៉ក់សាំងនេះ ដែលមិនទាន់ទាំងបានឆ្លងកាត់ដំណាក់កាលធ្វើតេស្តចុងក្រោយរួចស្រួលបួសផងនោះ បានបង្កជាក្តីបារម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសរុស្សីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,២៩៨,៧១៨ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៥៩៧នាក់ និងជាសះស្បើយ ១,០២០,៤៤២នាក់៕