(ប៉េកាំង)៖ ប្រទេសចិនទើបតែបានជ្រើសរើសអវកាសយានិកជុំទីបី សម្រាប់កម្មវិធីដំឡើងស្ថានីយអវកាសរបស់ខ្លួន ដែលនឹងចាប់ផ្តើមលេចរូបរាងឡើងនៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

អវកាសយានិកចិនសរុបទាំងអស់ចំនួន ១៨នាក់ ដោយនៅក្នុងនោះមានបុរស ០៧នាក់ និងស្រ្តីម្នាក់ ត្រូវបានបែងចែកចេញជាបីក្រុម។ ០៧នាក់ត្រូវបានជ្រើសរើសពីអ្នកបើកយន្តហោះ នៃកងទ័ពអាកាសចិន ហើយនឹងត្រូវហ្វឹកហាត់ ដើម្បីក្លាយជាអ្នកបើកយានអវកាស។ ចំណែក ០៧នាក់ទៀតនឹងក្លាយជាវិស្វករផ្នែកអវកាស ខណៈពួកគេធ្លាប់ជាអ្នកស្រាវជ្រាវ ឬអ្នកបច្ចេកទេសក្នុងផ្នែកអាកាសវេហា ឬក៏ផ្នែកពាក់ព័ន្ធដទៃទៀត។ រីឯ ០៤នាក់ចុងក្រោយ នឹងក្លាយជាអ្នកឯកទេសរួម (Payload specialist)។ កន្លងមកចិនចម្រាញ់បានអវកាសយានិកចំនួន ២១នាក់ពីការជ្រើសរើសចំនួនពីរជុំ ដោយក្នុងចំណោមនោះ ១១នាក់ធ្លាមានបទពិសោធន៍ ក្នុងការធ្វើដំណើរឡើងទៅកាន់ទីអវកាសរួចមកហើយ។

គួរជម្រាបថា បើតាមគម្រោងចិននឹងចាប់ផ្តើមការសាងសង់ ស្ថានីយអវកាសពេញលក្ខណៈ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ជាជំហានដំបូងគ្រាប់រ៉ុក្កែត Long March 5B នឹងនាំយកបន្ទប់ស្នូល (Core module) របស់ស្ថានីយឡើងទៅកាន់ទីអវកាស ហើយបន្ទាប់មកនឹងដឹកសម្ភារៈដទៃៗទៀត ព្រមទាំងអវកាសយានិកទៅកាន់បន្ទប់ស្នូល ដើម្បីចាប់ផ្តើមការផ្គុំតែម្តង។

ស្ថានីយអវកាស Tiangong ឬវិមានឋានសួគ៌ (Heavenly Palace) នេះនឹងមាន ០៣បន្ទប់ គឺបន្ទប់ស្នូលមួយភ្ជាប់ជាមួយបន្ទប់ពិសោធន៍ចំនួន ០២ទៀត ដែលនឹងមានទម្ងន់សរុបជិត ១០០តោន។ ស្ថានីយអវកាសចិនត្រូវគេរំពឹងថា នឹងសង់ហើយជាស្ថាពរព្រមទាំងអាចដំណើរការបានពេញលេញ នៅខ្ទង់ឆ្នាំ២០២២ ហើយមានលទ្ធភាពធ្វើប្រតិបត្តិការបានប្រហែល ១៥ឆ្នាំ៕