(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានរាយការណ៍ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងដល់ ៦,៩០៦,១៥១ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧០,៤៩៦ករណីបន្ថែម ខណៈអ្នកស្លាប់ថ្មីៗចំនួន ៩៦៤នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ១០៦,៤៩០នាក់។ បច្ចុប្បន្ននេះ នៅមានអ្នកជំងឺ COVID-19 សរុបជាង ៨៩៣,០០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺជាង ៥,៩០៦,០០០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសឥណ្ឌាដែលមានប្រជាជានសរុបជាង ១,៣៨០លាននាក់បានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួនជាង ៨៣,៤៦៥,០០០នាក់រួចទៅហើយ ក្នុងនោះមានសំណាកពីមនុស្សចំនួនជាង ១,១៩៤,០០០នាក់ ត្រូវបានធ្វើតេស្តតែក្នុងមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ៕