(ម៉ូស្គូ)៖ ប្រទេសអាហ្សែបៃហ្សង់ និងអាមេនីបានយល់ព្រមរួចហើយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទៅចូលរួមក្នុងកិច្ចចរចាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

សារព័ត៌មាន RIA យោងតាមការដកស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «អាហ្សែបៃហ្សង់ និងអាមេនីបានបញ្ជាក់រួចហើយថា ពួកគេនឹងចូលរួមក្នុងកិច្ចចរចាក្នុងទីក្រុងម៉ូស្គូ ហើយការរៀបចំទាំងឡាយ​កំពុងតែដំណើរការទៅមុខ...»។ លោកស្រី Zakharova បានបន្ថែមទៀតថា «កិច្ចចរចានេះអាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះតែម្ដង»

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាហ្សែបៃហ្សង់ លោក អ៊ីលខាម អាលីយ៉េវ (Ilkham Aliyev) និងនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ដោយក្នុងឱកាសនោះលោក ពូទីន បានអំពាវនាវឱ្យមាន បទឈប់បាញ់មួយជាបន្ទាន់លើតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) និងការចូលរួមក្នុងកិច្ចចរចាសន្តិភាព ដែលផ្ដួចផ្ដើមគំនិតឡើងដោយរុស្ស៊ី៕