(វ៉ាស៊ីនតោន)៖ គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក បានស្នើឱ្យបង្តើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យលើកាយសម្បទាលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាមានសមត្ថភាព ឬសុខភាពស័ក្តិសមដឹកនាំសេតវិមានដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

ប្រធានសភាតំណាងរាស្ត្រអាមេរិកនៃបក្សប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រាប់ក្រុមអ្នកសារព័ត៌មាថា លោកស្រី និងសមាជិកសភាតំណាងរាស្ត្រប្រជាធិបតេយ្យដទៃទៀត អាចនឹងធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ពាក់ព័ន្ធនឹងច្បាប់វិសោធនកម្មអាមេរិកទី ២៥ ដែលមានចែងពីការអនុញ្ញាតឱ្យអនុប្រធានាធិបតីឡើងដឹកនាំសេតវិមាន ក្នុងករណីប្រធានាធិបតីមិនមានសមត្ថភាព ឬសុខភាពដែលស័ក្តិសមបំពេញភារកិច្ចរបស់ខ្លួន។ លោកស្រីបន្ថែមថា ប្រសិនបើចាំបាច់លោកស្រី ក៏នឹងស្វែងរកជម្រើសដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីដកលោក ត្រាំ ចេញពីតំណែងតែម្ដងផងដែរ។

គួរជម្រាបថា ការលើកឡើងខាងលើរបស់លោកស្រី Nancy Pelosi កើតមានឡើងចំពេលសេតវិមាន កំពុងស្ថិតនៅក្នុងវិបត្តិ COVID-19 បន្ទាប់ពីលោក ដូណាល់ ត្រាំ និងមន្ត្រី រួមទាំងមនុស្សជំនិតរបស់លោកមួយចំនួនទៀត បានឆ្លងជំងឺនេះជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ និងអ្នកសាធារណរដ្ឋបានរិះគន់លោកស្រី Pelosi ធ្ងន់ៗចំពោះសំណើចង់បង្កើត គណៈកម្មការស៊ើបអង្កេតខាងលើ។ បើតាមគ្រូពេទ្យសេតវិមាន លោក ត្រាំ ពេលនេះបានជាសះស្បើយទាំងស្រុងពី COVID-19 ហើយ និងអាចចូលរួមវេទិកាសាធារណៈនានាឡើងវិញ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕