(ម៉ូស្គូ)៖ ការប៉ះទង្គិចគ្នានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា រវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ ការប្រយុទ្ធគា្ននៅតែបន្ត ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀត ពីសហគមន៍អន្តរជាតិឲ្យមានបទឈប់បាញ់ និងបើកការចរចាគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទូចដល់ភាគីជម្លោះនៅក្នុងនៅតំបន់ Nagorno-Karabakh ឲ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ ព្រមទាំងធ្វើការដោះដូរអ្នកទោស និងសាកសពរបស់អ្នកស្លាប់។ បន្ថែមពីលើនេះលោក ពូទីន ក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេនី និងអាហ្សែបៃហ្សង់មកកាន់ទីក្រុងម៉ូស្គូ ដើម្បីបើកការចរចាគ្នាផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងអាមេនីត្រូវបានអញ្ជើញទៅកាន់ទីក្រុងម៉ូស្គូ នាថ្ងៃទី០៩ ខែតុលានេះ ដោយប្រទេសរុស្ស៊ីនឹងដើរតួរជាអ្នកពិគ្រោះយោបល់ និងសម្របសម្រួលលើបញ្ហាទាំងអស់។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវជាច្រើនដងមកហើយ ពីសំណាក់រុស្ស៊ីឲ្យមានបទឈប់បាញ់គ្នានៅក្នុងតំបន់ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានសង្កត់ធ្ងន់ថា ការដោះស្រាយការទូតនៅក្នុងតំបន់ Nagorno-Karabakh ត្រូវតែចាប់ផ្តើមពីបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌជាមុន។

ការអំពាវនាវឲ្យបទឈប់បាញ់ ត្រូវបានធ្វើឡើងពីសំណាក់សមាជិកជាច្រើន នៃសហគមន៍អន្តរជាតិរួមមានប្រទេសរុស្ស៊ី បារាំង អាល្លឺម៉ង់ អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិកផងដែរ។ ដោយឡែកសម្រាប់ប្រទេសតួកគី វិញបានសម្តែងការគាំទ្រដល់រដ្ឋាភិបាលប្រទេសអាហ្សែបៃហ្សង់យ៉ាងបើកចំហ ខណៈប្រទេសអាមេនីបានចោទប្រកាន់ទីក្រុងអង់ការ៉ាថា បានបញ្ជូនទីប្រឹក្សាយោធា ដើម្បីគាំទ្រប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែតួកគីបានបដិសេធរឿងនេះចោលទាំងស្រុង៕