(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារស្នាក់នៅ (Apartment) ដ៏ខ្ពស់មួយកន្លែងស្ថិតនៅទីក្រុងកំពង់ផែអ៊ូលសាន (Ulsan) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នាពេលព្រឹកថ្ងៃសុក្រនេះ និងបានបណ្តាលឲ្យមនុស្សរងរបួសស្រាលយ៉ាងហោចណាស់ជិត ៩០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

ខ្សែវីដេអូបានបង្ហាញថា អណ្ដាតភ្លើងពណ៌ទឹកក្រូចដ៏ធំសម្បើម បានឆេះរាលដាលយ៉ាងលឿនលើអគារកម្ពស់ ៣៣ជាន់ ខណៈក្រុមពន្លត់អគ្គីភ័យជាច្រើននាក់បានចូលរួម ក្នុងសកម្មភាពន្លត់ដើម្បីគ្រប់គ្រងអគ្គីភ័យនោះឲ្យបាន។ អ្នកដែលរស់នៅក្នុងអាគារទាំងអស់ត្រូវបានជម្លៀសចេញ ហើយក្រុមអ្នកសង្គ្រោះបានជម្លៀសមនុស្ស ៧៧នាក់ផ្សេងទៀតដែលបានរត់គេចខ្លួន ទៅលើជាន់កំពូលនៃអាគារ។ រហូតមកដល់ពេលនេះ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីករណីស្លាប់ ឬរបួសធ្ងន់ធ្ងរនៅឡើយទេ។

គួរបញ្ជាក់ថា នៅជុំវិញបញ្ហាខាងលើនេះ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៨៨នាក់រងរបួសស្រាល ហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលបានបង្កឲ្យមានអគ្គីភ័យផ្ទុះឡើង កាលពីវេលាម៉ោង ១១៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងសេអ៊ូល) ខណៈមានសេចក្តីរាយការណ៍កាលពីមុននេះថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះដំបូងពីចន្លោះជាន់ទី ៨ ដល់ជាន់ទី ១២ នៃអគារកម្ពស់ ៣៣ជាន់ខាងលើនេះ៕