(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។

២៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹង និងរួបរួមគ្នាជាសកល ព្រោះការប្រឹងស្តីបន្ទោសគ្នានោះ វាគ្រាន់តែជាការជម្រុញឲ្យគ្រោះមហន្តរាយ កាន់តែរីកធំឡើងប៉ុណ្ណោះ។

៣៖ មន្រី្តជលផលកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ នៅឯតំបន់ព្រំដែនសមុទ្រនៃប្រទេសកូរ៉េទាំង២ កាលពីសប្ដាហ៍មុន តាមពិតគឺមាន បំណងរត់ទៅកាន់កូរ៉េខាងជើង។

៤៖ មន្ត្រីជាន់ខ្ពស់ថៃមួយរូបនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសថៃនឹងទទួលភ្ញៀវទេសចរបរទេសឡើងវិញជាលើកដំបូង នៅពេលដែលជើងហោះហើរ ពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយ ដែលបង្ហាញពីការចាប់ផ្តើមឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានរងផងប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការបិទប្រទេស។

៥៖ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងថា ប្រតិបត្តិការផ្លូវការជាលើកដំបូងនៃយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដោយមានអវកាសយានិកសរុបចំនួន៤នាក់ធ្វើដំណើរនៅលើនោះ។

៦៖ ធនាគារពិភពលោក (World Bank) បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងកើនឡើង ២ភាគរយសម្រាប់ឆ្នាំ២០២០ ដែលជាការកើនឡើងលើសពី ការព្យាករណ៍កាលពីខែមិថុនា ដែលមានត្រឹមតែ ១ភាគរយប៉ុណ្ណោះ៕