(ហ្សឺណេវ)៖ អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានលើកឡើងថា ការស្លាប់មនុស្ស ១លាននាក់ដោយសារជំងឺរាតត្បាតសកល COVID-19 គឺជា«ព្រឹត្តិការណ៍ដ៏គួរឲ្យសោកសង្រែងបំផុត» ប៉ុន្តែវីរុសដ៏កាចសាហាវនេះ អាចទប់ស្កាត់បាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារនេះ លោកស្រី Margaret Harris ដែលជានាំពាក្យរបស់អង្គការ WHO បានមានប្រសាសន៍ថា «មនុស្សជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ទាំងដោយគ្មានឱកាសនិយាយពាក្យលា ដ្បិតថាជនរងគ្រោះទាំងនោះបានស្លាប់ក្នុងស្ថានភាពដ៏លំបាក និងឯកកោ។ ប៉ុន្តែរឿងវិជ្ជមានមួយអំពីវីរុសនេះគឺថា វាជាជំងឺដែលអាចទប់ស្កាត់បាន មិនមែនដូចជាជំងឺផ្តាសាយនោះទេ»

គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 នៅទូទាំងពិភពលោកនៅថ្ងៃអង្គារនេះ បានកើនឡើងដល់លើស ១លាននាក់ហើយ។ អ្វីដែលពិភពលោកភ័យខ្លាច កាលពីដើមឆ្នាំនេះបានក្លាយជាការពិត ហើយនេះជាសោកនាដកម្មមួយដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានកើតឡើងតែក្នុងរយៈពេល ៩ខែប៉ុណ្ណោះ៕