(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងថា ប្រតិបត្តិការផ្លូវការជាលើកដំបូងនៃយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដោយមានអវកាសយានិកសរុបចំនួន៤នាក់ធ្វើដំណើរនៅលើនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

NASA បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដូច្នេះថា «NASA និង SpaceX បានសម្រេចយកម៉ោង០២៖៤០នាទីរំលងអធ្រាត្រ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០ សម្រាប់បេសកកម្ម SpaceX Crew-1 របស់ NASA ដើម្បីបញ្ជូនក្រុមអវកាសយានិក៤រូប ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS»។ អវកាសយានិកទាំង៤នាក់នោះ រួមមាន៣នាក់មកពីអង្គការ NASA ផ្ទាល់ និងម្នាក់ទៀតមកពីទីភ្នាក់ងារអវកាសជប៉ុន JAXA។

គួរជម្រាបថា SpaceX បានបង្កើតប្រវត្តិសាស្រ្តកាលពីខែឧសភាកន្លងទៅនេះ នៅពេលដែលយាន Crew Dragon របស់ខ្លួន បាននាំយកអវកាសយានិកពីររូបរបស់ NASA ឡើងទៅកាន់ ISS ក្នុងបេសកកម្មសាកល្បងដឹកជញ្ជូនមនុស្សជាលើកដំបូង ហើយនៅខែសីហាបាននាំពួកគេត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព។ វាគឺជាលើកដំបូងបំផុតដែល NASA ប្រើប្រាស់យានអវកាសនិងគ្រាប់រ៉ុក្កែតរបស់អាមេរិកផ្ទាល់ ដើម្បីបញ្ជូនអវកាសយានិកឡើងទៅស្ថានីយ ISS ខណៈជាច្រើនឆ្នាំកន្លងមកនេះ ខ្លួនបានពឹងផ្អែកលើរុស្ស៉ី៕