(ប៉េកាំង)៖ ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 នៅទូទាំងពិភពលោកនៅថ្ងៃអង្គារនេះ បានកើនឡើងដល់លើស ១លាននាក់ហើយ។ អ្វីដែលពិភពលោកភ័យខ្លាច កាលពីដើមឆ្នាំនេះបានក្លាយជាការពិត ហើយនេះជាសោកនាដកម្មមួយដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានកើតឡើងតែក្នុងរយៈពេល ៩ខែប៉ុណ្ណោះ។

សម្រាប់រយៈពេល ៩ខែកន្លងមកនេះវាបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលបដិសេធចំពោះដំណោះស្រាយ ផ្អែកតាមមូលដ្ឋានវិទ្យាសាស្ត្រ ឬប្រឆាំងនឹងវិធានការដែលបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 គឺជាសកម្មភាពគ្រោះថ្នាក់បំផុត នៅក្នុងសតវត្សរ៍នេះ។ ទោះបីជាជីវិតមនុស្សម្នាក់ត្រូវបានបាត់បង់រាល់នាទី ដោយសារតែជំងឺ COVID-19 នៅជុំវិញពិភពលោកក៏ដោយ ក្រុមអ្នកប្រឆាំងមួយចំនួននៅតែមិនព្រមពាក់ម៉ាស់ និងមិនបញ្ឈប់ការប្រមូលផ្តុំ នៅតាមទីសាធារណៈដដែល។ ពួកគេហាក់ដូចជាមានសុទិដ្ឋិនិយមហួសហេតុ ខណៈដែលមេដឹកនាំរបស់ពួកគេ នៅតែមិនព្រមទទួលយកការពិត ហើយបែរជាជ្រើសរើសជឿថា ជំងឺរាតត្បាតសកល COVID-19 គ្រាន់តែជាជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ។

ពលរដ្ឋទូទៅត្រូវមានទំនួសខុសត្រូវខ្ពស់ ចំពោះវិបត្តិសុខាភាពសកល ដែលមិនធ្លាប់មានពីមុនមក ព្រោះថាការណែនាំពីជំនាញតែមួយមុខ មិនអាចយកឈ្នះវីរុសដ៏កាចសាហាវនេះបានឡើយ។ បន្ថែមពីលើនេះ ការត្រៀមខ្លួនរបស់រដ្ឋាភិបាល ដើម្បីចាត់វិធានការ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទប់ស្តាត់ការឆ្លងនៃវីរុសកូរ៉ូណា តាមរយៈជំហានសំខាន់ៗរួមមាន ការធ្វើតេស្តទ្រង់ទ្រាយធំ, ការធ្វើចត្តាឡីស័ក និងជាពិសេសការអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខភាពសាធារណៈ។

សហគមន៍អន្តរជាតិអាចរៀនសូត្រ ពីគំរូនៃភាពជោគជ័យជាច្រើនរបស់ប្រទេសមួយចំនួន និងការបរាជ័យរបស់ប្រទេសផ្សេងៗទៀតក្នុងពេលតែមួយ។ វាពិតជារឿងដ៏គួរឲ្យសោកស្តាយ ដែលប្រទេសជឿនលឿនខាងវិទ្យាសាស្ត្របំផុត របស់ពិភពលោក បានបង្កើតគំរូដ៏គ្រោះថ្នាក់ និងមានចំនួនករណីឆ្លង និងចំនួនអ្នកស្លាប់ច្រើនជាងគេដោយសារជំងឺ COVID-19 ខណៈដែលមានប្រជាជនត្រឹមតែ ៤ ភាគរយនៃចំនួនប្រជាជនពិភពលោក បានក្លាយទៅជាកន្លែងដែលមានមនុស្សស្លាប់រហូតដល់ ២០ភាគរយឯណោះ។

លើសពីនេះ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺជាការមិនយកចិត្តទុកដាក់ ចំពោះជិវិតពលរដ្ឋអាមេរិក ដោយសារតែអ្នកនយោបាយមួយចំនួន កំពុងព្យាយាមបង្វែបញ្ហានេះ​ដើម្បីកេងចំណេញនយោបាយ ខណៈដែលប្រជាជនខ្លួនឯង កំពុងប្រឈមនឹងហានិភ័យខ្ពស់បំផុត​ចំពោះរឿងប្រឌិត និងគ្មានភាពអៀនខ្មាសបែបនេះ។ នៅជុំវិញបញ្ហាខាងលើលោកបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មាន CNN កាលពីសប្តាហ៍មុនថា «ចំនួនអ្នកស្លាប់ ២០ ម៉ឺននាក់ពិតជារឿងដ៏គួរព្រួយបារម្ភខ្លាំងណាស់»

ជាមួយនឹងការឆ្លងនៅតែបន្តតែកើនឡើងជារៀងរាល់ថ្ងៃ ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានប្រែក្លាយទៅជាសមរភូមិសង្រ្គាមទៅហើយ។ បច្ចុប្បន្ននេះបណ្តាប្រទេសមួយចំនួន​កំពុងតស៊ូទប់ទល់នឹងរលកទី ២ នៃការចម្លងជំងឺ COVID-19 នៅចំពោះមុខរដូវផ្តាសាយធំ ដែលនឹងធ្វើឲ្យស្ថានការណ៍ជារួម កាន់តែស្មុគស្មាញថែមទៀត។ យើងត្រូវចងចាំថា ការបង្ការគឺជារឿងប្រសើរ ជាជាងសង្ឃឹមថាវ៉ាក់សាំងអាចមកដល់ឆាប់ៗ ហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនទាន់ដឹងច្បាស់ថា តើពិភពលោកអាចងើបចេញពីវិបត្តិនេះនៅពេលណានៅឡើយទេ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្តាហ៍មុនបានព្រមានថា វានៅតែអាចទៅរួចដែលចំនួនអ្នកស្លាប់ អាចកើនឡើងទ្វេដង ប្រសិនបើប្រទេសនានាមិនព្រមធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា មុនពេលការមកដល់នៃវ៉ាក់សាំង ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ក្នុងនាមប្រជាជន ១លាននាក់ដែលបានស្លាប់ដោយសារជំងឺ COVID-19 យើងទាំងអស់គ្នាត្រូវតែពង្រឹងសហប្រតិបត្តិបន្ថែមទៀត ដើម្បីគ្រប់គ្រងជំងឺនេះឲ្យបាន និងបង្ការមនុស្សរាប់លាននាក់ទៀត ពីសោកនាដកម្មបែបនេះ៕

ប្រភព៖ ស៊ីនហួរ (ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០)