(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងទុកថា នឹងកើនឡើង ២ភាគរយសម្រាប់ឆ្នាំ២០២០ ដែលជាការកើនឡើងលើសពី ការព្យាករណ៍កាលពីខែមិថុនា ដែលមានត្រឹមតែ ១ភាគរយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ធនាគារពិភពលោកបានគូសបញ្ជាក់ អំពីរបាយការណ៍សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថា «កំណើនសេដ្ឋកិច្ចរបស់ចិននេះ ត្រូវបានជួយជ្រោមជ្រែង ដោយការបង្កើនការចំណាយរបស់រដ្ឋាភិបាល, ការនាំចេញងើបឡើងវិញ, ការធ្លាក់ចុះនៃអត្រាឆ្លង COVID-19 ចាប់តាំងពីខែមីនាកន្លងទៅនេះ ប៉ុន្តែវាក៏បានរងផលប៉ះពាល់ផងដែរ ដោយសារតែតម្រូវការក្នុងស្រុកធ្លាក់ចុះ»

បើតាមទស្សនវិស័យសេដ្ឋកិច្ចសកលពាក់កណ្តាលឆ្នាំ ដែលបានចេញផ្សាយនៅដើមខែមិថុនាកន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងកើនឡើង ០.៥ភាគរយនៅឆ្នាំ២០២០ និងនៅតែបន្តកើនឡើងនៅឆ្នាំ២០២១ខាងមុខនេះ ដោយត្រូវបានគេរំពឹងទុកថា នឹងកើនឡើងរហូតដល់ ៧.៩ភាគរយនៅក្នុងប្រទេសចិន និង ៥.១ភាគរយនៅក្នុងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់នោះ ដោយនឹងពឹងផ្អែកលើការបន្តស្តារឡើងវិញ និងបន្តសកម្មភាពប្រក្រតី ចំពោះប្រទេសសេដ្ឋកិច្ចធំៗ ក៏ដូចជាការមកដល់ក្នុងពេលឆាប់ៗនេះ នៃវ៉ាក់សាំង COVID-19៕