(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 (Rapid Test) ចំនួន ១២០លានឈុត នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងតម្លៃអតិបរមា ៥ដុល្លារអាមេរិកក្នុងមួយឈុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ការធ្វើតេស្តរក COVID-19 តាមរយៈឧបករណ៍ធ្វើតេស្តរហ័សនេះ ពិតជាអាចទុកចិត្តបាន និងមានតំលៃសមរម្យផងដែរ ក្នុងការជួយដល់ប្រទេសចំនួន ១៣៣ ដើម្បីតាមដាន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតសកលនេះ។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រ អាប់បុត (Abbott) និង SD បាយអូសិនសឺ (SD Biosensor) បានព្រមព្រៀងជាមួយមូលនិធិមហាសេដ្ឋីអាមេរិក បៀល និងមេលីនដា ហ្គេតស៍ (The Bill & Melinda Gates Foundation) ដើម្បីបង្កើតឧបករណ៍ធ្វើតេស្តរហ័សថ្មី រកវីរុសកូរ៉ូណា (COVID-19) នេះចំនួន ១២០លានឈុត ដែលជាឧបករណ៍ងាយស្រួលយកតាមខ្លួន, ងាយស្រួលប្រើ, និងមានសុពលភាពរហូតដល់ជាង ០៦ខែឯណោះ»

លោក Tedros បានគូសបញ្ជាក់បន្ថែមថា «ការធ្វើបែបនេះ នឹងជួយពង្រីកដល់ការធ្វើតេស្តបន្ថែម ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល ដែលមិនមានមន្ទីរពិសោធន៍ ឬបុគ្គលិកសុខាភិបាល ដែលបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ ឬនៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល ជាសហគមន៍នៃវីរុស COVID-19 នេះ»

គួរជម្រាបថា ឧបករណ៍ធ្វើតេស្ដនេះ ប្រើបច្ចេកវិទ្យាស្រដៀង នឹងឧបករណ៍ធ្វើតេស្តផ្ទៃពោះដែរ ហើយវានឹងផ្ដល់លទ្ធផលក្នុងរយៈពេល ១៥នាទី និងជាឧបករណ៍ដែលមានប្រយោជន៍បំផុត សម្រាប់សហគមន៍ និងបណ្ដាប្រទេសនានា ដើម្បីឲ្យពួកគេដឹងថា តើវីរុសកូរ៉ូណា (COVID-19) នោះលាក់ខ្លួននៅទីណា ហើយអ្នកណាខ្លះបានឆ្លងវីរុសនោះ៕